ខេត្តសៀមរាប៖ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីមនុស្សដេកស្លាប់ នៅចំណុចលើផ្ទះជនរងគ្រោះក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និល នី (ហៅប៉ុច) ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរធ្វើស្រែ បានដេកស្លាប់នៅលើផ្ទះរបស់ខ្លួន ដោយមិនមានអ្នកនៅជាមួយ ។
ក្រោយពេលទទួលសេចក្តីរាយការណ៍នេះ កម្លាំងជំនាញ លោកគ្រូពេទ្យ កម្លាំងប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យពុំមានឃើញស្នាក់ស្នាម អ្វីពាក់ព័ន្ធបទល្មើសទេ ។
តាមព័ត៌មានដែលទទួលបាន និងតាមការបំភ្លឺពីបងបង្កើតរបស់ជនរងគ្រោះឈ្មោះ ទូច ណាក់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានអះអាងថា គេជាមនុស្សផឹកស្រាជាប្រចាំ មិនហូបបាយហូបទឹក និងរស់នៅម្នាក់ឯងគ្មានប្រពន្ធទេ ។
តាមការសន្និដ្ឋានពីលោកគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ (បណ្ដាលមកពីផឹកស្រា មិនហូបបាយ)។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះបានប្រគល់ឲ្យបងរបស់សពរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី