ភ្នំពេញ៖ យុវជនម្នាក់ដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
មន្ត្រីតុលាការថ្លែងថា យុវជនរូបនេះ ត្រូវបានចោទប្រកាន់ពីបទ”ប្រមាថចំពោះអង្គព្រះមហាក្សត្រនិងបទគំរាមកំហែងថានឹងសម្លាប់”តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងមាត្រា២៣៣នៃក្រុមព្រហ្មទណ្ឌ ។
យុវជនរូបនេះឈ្មោះ អៀង ជលសា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមិថុនា បន្ទាប់ពីបង្ហោះហ្វេសប៊ុកមានខ្លឹមសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ ។
សមត្ថកិច្ច បញ្ជាក់ថា យុវជនរូបនេះធ្លាប់ទៅធ្វើការ និងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ដំបង ផងដែរ ក្រោយប្រព្រឹត្តបទល្មើស។
មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ៕ ចេស្តា