ខេត្តកំពង់ចាម៖ ដោយមើលឃើញ និងយល់យ៉ាងច្បាស់ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម ជាមួយរាជ រដ្ឋាភិបាល ក្នុងកិច្ចការមនុស្សធម៌ផងនោះលោក លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា រួមជានិងសប្បុ រសជនជាច្រើនទៀត បាននាំយកនូវអំណោយ ជាថវិកា និង សម្ភារមានសម្លៀកបំពាក់ និងអាវមួក រួមជាមួយនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះ លោក លី សាម៉េត ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា លោកសូមរំលឹកឡើងវិញអំពី របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនរស់នៅក្នុងរបបគុកឥតជញ្ជាំង ដែលពួកវាបានកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់ជាង៣លាននាក់ដោយមិនរើសមុខ បង្អត់បាយ ធ្វើទារុណកម្មយ៉ាងឃោរឃៅសាហាវព្រៃផ្សៃ។ ប៉ុន្តែដោយសារតែមានគុណដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោហ៊ុន សែន បានរំដោះប្រជាជន ចេញពីរបបដ៏ខ្មៅងងឹត នៅថ្ងៃ៧ មករា ៧៩ ហើយខំកសាងប្រទេសតាំងពីបាតដៃទទេ រហូតអភិវឌ្ឍន៍មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ។
លោកក៏បានស្នើរសុំបងប្អូនលោកអ៊ុំលោកយាយលោកតា កុំបំភ្លេចថ្ងៃកំណើតទី២ របស់ខ្លួនគឺថ្ងៃ៧មករានេះហើយ ដែលចារជាប្រវត្តិសាស្ត្រ។ លោកក៏បានអំពាវនាវផងដែរ សូមបងប្អូនប្រជាជនទាំងអស់ទៅបោះឆ្នោត នានៅថ្ងៃទី២៩ កក្កដាខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជា ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងអាណត្តិក្រោយៗបន្តបន្ទាប់ទៀត ។
លោក លី សាម៉េត បានបន្ដថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យមន្ត្រីនៅក្រោមឱវាទ ត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ គ្រប់ថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។ កក្តាដ៏សំខាន់នេះហើយ ទើបលោក បានប្រកាសបង្កើតទីប្រឹក្សាមួយ នៅឃុំអំពិល ដើម្បីជួយធ្វើអន្តរាគមន៍ ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក មានទុក្ខធុរៈ ដូចជាស្ត្រីឆ្លងទន្លេ និងបងប្អូនប្រជាពលរដ្ឋមានជំងឺខ្វះខាតថវិកាទៅមន្ទីរពេទ្យ លោកនឹងជួយជាបន្ទាន់តាមរយៈ ទីប្រឹក្សាដែលនៅទីនេះស្រាប់ ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅឃុំអំពិល ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលបានជួយរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពិសេសមេដឹកនាំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ ,រក្សាសុខសន្តិភាព និង អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនឥតឈប់ឈរ ។ លោកថ្លែងយ៉ាងច្បាស់ថាមានតេជោសែនប្រទេសកម្ពុជាមានសុខសន្តិភាពនិងបន្តអភិវឌ្ឍន៍ឈប់ឈរ ទូទាំងប្រទេស។
លោកលី សាម៉េត ថ្លែងបន្តថា៖ នេះជាលើក ទី៣ហើយ ដែលលោកបានមកជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅឃុំអំពិល ហើយលោកសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដ៏ល្អ គោរពច្បាប់ គោរពព្រះពុទ្ធសាសនា គឺដោយសារប្រទេសមានសុខសន្តិភាព ។ សម្តេចតេជោ គឺជាឥស្សរជនជាន់ខ្ពស់ និងឥស្សរជនដទៃទៀត បានរំដោះប្រជាពលរដ្ឋចេញពីរបបវាលពិឃាត ។
លោករ័ត្ន គឹមហៃ មេឃុំអំពិល បានបញ្ជាក់ដែរថា៖ ឃុំអំពិល ជាឃុំមួយក្នុងចំណោមឃុំទាំង១៥ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ឃុំអំពិល មាន១២ភូមិ មានប្រជាពលរដ្ឋចំនួន៤២៧១គ្រួសារ និងមានប្រជាពលរដ្ឋចំនួន ជាង១៨០០នាក់ ។ ប្រជាពលរដ្ឋនៅឃុំនេះ ភាគច្រើនមានមុខរបរធ្វើកសិកម្ម ធ្វើស្រែចម្ការ និង អាជីវកម្មលក់ដូរហើយលោកបានសន្យាថានឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ កក្កដាខាងមុខនេះពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ដើម្បីអោយសម្តេចតេជោដឹកនាំប្រទេសជាតិបន្តទៀតពីព្រោះមានសម្តេចប្រទសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍៕ សំរិត