ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង៖ អគុណដល់បងប្អូនសហគមន៍អ៊ីស្លាមទាំងអស់ ដែលបានបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា គឺបងប្អូនរស់នៅដោយសុខដុមរមនា ប្រទេសមានការអភិវឌ្ឍ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន អរគុណដល់បងប្អូនសហគមន៍អ៊ីស្លាមទាំងអស់ ដែលបានបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា គឺបងប្អូនរស់នៅដោយសុខដុមរមនា ប្រទេសជាតិ មានការអភិវឌ្ឍ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះ ក្នុងនាមជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ ងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង នៅរសៀលថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ជួបសំណេះសំណាលជាមួយសាសនិកខ្មែរអ៊ីស្លាមចំនួន ១៥០០នាក់ នៅសាលមហោស្របស្ទឹងសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណចលនាសាសនិក អ៊ីស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើង អំពីសមិទ្ធផល នានា ជាច្រើនលើសលប់ ដែលជាគុណបំណាច់ ស្នាដៃអភិវឌ្ឍន៏ របស់គណបក្សប្រជាជានកម្ពុជា ដែលបានសាងជូនប្រជាជាតិកម្ពុជា គឺជាមហាគូណូបការៈ ដែលមិនអាចកាត់ថ្លៃបាន ហើយពលរដ្ឋកម្ពុជាទាំងមូល តកូនតចៅគ្រប់ជំនាន់ មិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ដ៏មហាធំធេងនេះ ហើយក៏គ្មានអ្វីជាការសងគុណសម្រាប់យើងជាប្រជានុ រាស្រ្ត ដែលកំពុងរួមរស់ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ ក្រៅពីការគាំទ្រ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិ ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ តំណាងប្រជាពលរដ្ឋសាសនិកឥស្លាម និង សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានថ្លែង អំណរគុណចំពោះការផ្តល់ទំនុកចិត្ត ការផ្ញើវាសនា និង គាំទ្រដោយឥតងាករេរបស់បងប្អូនមកកាន់ថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជា ជាការផ្តល់កម្លាំងចិត្ត និង មោទនភាពដើម្បីគណបក្សប្រជាជនកម្ពុជាបានរួមរស់ជាមួយបងប្អូន និង បន្តនៅជាម្លប់កសាងសន្តិភាព ការអភិវឌ្ឍន៍ រីកចម្រើនទៅមុខជាលំដាប់ ។

សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមកុំភ្លេចអោយសោះ ថ្ងៃ២៩ កក្កដា ២០១៨ ដែលនៅសល់ជាង១ខែទៀតប៉ុណ្ណោះ គឺបងប្អូនត្រូវទៅបោះឆ្នោតអោយបានគ្រប់គ្នា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីបានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តនៅជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត ៕ សំរិត


ចែករំលែក៖