ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្នើថ្នាក់លើដកប្រធានមណ្ឌលសុខភាពជីខ្មាររឿងបម្រើសេវាសុខភាពមិនល្អ

ចែករំលែក៖

ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ បានរាយការណ៍ថា ពួកគាត់បានទៅទទួលសេវាព្យាបាលសុខភាពជាពិសេសស្ត្រីដែលមានផ្ទៃពោះនៅ មណ្ឌលសុខភាពជីខ្មារ មិនដែលបានជួប គ្រូពេទ្យម្ដងណានោះទេ​ ហើយពួកគាត់ បានសុំឲ្យលោកមេឃុំជួយទូរស័ព្ទហៅ ពេទ្យទាំងនោះដែរតែនៅតែមិនឃើញមាន វត្តមានពេទ្យនៅមណ្ឌលសុខភាពដដែល។

ពលរដ្ឋជាស្រ្តីមានផ្ទៃពោះបានឲ្យដឹងថា ពួកគាត់ត្រូវការសម្រាលឬពិនិត្យសុខភាពនៅមណ្ឌលខាងលើគឺមិនដែលបានជួបគ្រូពេទ្យទេជាពិសេសលោកប្រធានមណ្ឌលតែម្ដងហើយនៅពេលពួកគាត់ទូរស័ព្ទទៅជួបលោកប្រធានមណ្ឌលសុខភាព គឺមានតែពាក្យអសុរោះដាក់មកលើពួកគាត់វិញ។

ពលរដ្ឋបានលើកឡើងទៀតថា ក្រោយអស់សង្ឃឹមនឹងទង្វើលោកប្រធានមណ្ឌលបែបនេះពួកគាត់បាននាំគ្នាទៅប្រាប់លោកមេឃុំឲ្យជួយនិយាយប្រាប់លោកប្រធាន មណ្ឌលខាងលើឲ្យជួយយកចិត្តទុកដាក់លើប្រជាពលរដ្ឋជាពិសេសស្រ្តីដែលមានផ្ទៃពោះដែលទៅរកសេវាពិនិត្យព្យាបាល ផងកុំទុកឲ្យពួកគាត់ទៅជួបតែមណ្ឌលសុខភាពតែគ្មានគ្រូពេទ្យបែបនេះអី ។

ជុំវិញករណីខាងលើលោក អុឺម ម៉ុន មេឃុំជីខ្មារបានឲ្យដឹងថា លោកទទួលស្គាល់ ថា ពលរដ្ឋរបស់លោកពិតជាបានរាយ ការណ៍ជូនលោកករណីពួកគាត់មកពិនិត្យព្យាបាលនៅមណ្ឌលសុខភាពខាងលើគឺ មិនបានជួបគ្រូពេទ្យនោះទេគឺជួបតែមណ្ឌល។

លោកបានបន្ដទៀតថា លោកបានស្នើទៅថ្នាក់លើរួចហើយចំពោះការទាមទារពី ពលរដ្ឋក្នុងមូលដ្ឋានដែរសុំឲ្យមានការផ្លាស់ប្ដូរប្រធានមណ្ឌលនេះចេញតែរហូតមក ដល់ពេលនេះគឺនៅដដែល។

ចំណែកលោក សាំង ជូង ប្រធានមណ្ឌលសុខភាពជីខ្មារដែលរងការចោទពីសំណាក់ប្រជាពលរដ្ឋបានលើកឡើងថា លោកមិនថាអីទេបើពលរដ្ឋស្នើសុំដកលោកចេញពីមណ្ឌលសុខភាពខាងលើតែមិនមែនមេឃុំដកទេគឺថ្នាក់លើរបស់លោកជាអ្នកសម្រេច៕ ហេង សូរិយា


ចែករំលែក៖