ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ០៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក WEI FEN GHE រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក WEI FEN GHE បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ថាលោកបានមកកម្ពុជាកាលពី៦ឆ្នាំមុន នៅពេលនេះលោកបានមើលឃើញកម្ពុជាខុសប្លែកយ៉ាងខ្លាំងពីពេលនោះ គឺព្រះរាជាណាចក្រកម្ពុជាយើងមានការអភិវឌ្ឍជឿនលឿនជាទីបំផុត ហើយប្រជាជនកម្ពុជាក៏មានមុខមាត់ស្រស់ស្រាយ និងមានជីវភាពធូរធាល្អប្រសើរផងដែរ។ លោក WEI FEN GHE ក៏បានសម្តែងការសាទរ និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតីចិន Xi Jingping និងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang ជូនចំពោះសម្តេចតេជោផងដែរ។
លោក WEI បានជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តទៀតថា ដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងការពារជាតិចិន ដឹកនាំដោយលោកមកកម្ពុជានាពេលនេះ គឺដើម្បីជម្រុញការអនុវត្តន៍រាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលបានចុះហត្ថលេខារវាងកម្ពុជា-ចិន ពិសេសកិច្ចព្រមព្រៀងរវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី Xi Jingping នាពេលកន្លងមក។ លើសពីនេះទៅទៀត គឺដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ និងកាន់តែស៊ីជម្រៅឡើងរវាងកងទ័ពនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក WEI ដែលបានពាំនាំការសាកសួរសុខទុក្ខពីលោកប្រធានាធិបតី Xi Jingping និងលោកនាយករដ្ឋមន្ត្រី Li Keqiang ជូនចំពោះសម្ដេច និងបានថ្លែងអំណរគុណផងដែរចំពោះ អ្វីដែលលោករដ្ឋមន្ត្រីការពារជាតិចិន បានលើកឡើងក្នុងជំនួបនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពិតជារីករាយស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ លោក WEI FEN GHE ដែលបានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជម្រុញការអនុវត្តចំពោះអ្វីដែលថ្នាក់ដឹកនាំទាំងពីរបានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងមក ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថាយើងត្រូវតែបន្តនូវភាពជាដៃគូ ជំរុញការអនុវត្តលើអ្វីដែលយើងបានចុះហត្ថលេខាកន្លងមក ព្រោះទំនាក់ទំនងប្រទេសយើងទាំងពីរគឺតែងតែជាទំនាក់ទំនង ដែលនិយាយហើយ គឺរួមគ្នាអនុវត្ត មិនមែនជាទំនាក់ទំនងដែលគ្រាន់តែនិយាយឲ្យល្អមើលនោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលកន្លងមកតែងតែ បានជួយដល់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍កម្ពុជាពិសេសលើវិស័យកងទ័ពនៃប្រទេសទាំងពីរ ហើយសម្តេចតេជោ ក៏បានជូនពរ លោករដ្ឋមន្រ្តី ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ