ខេត្តកំពង់ធំ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងចំណុចផ្លូវកោងអន្តរាយ ដែលចំណុចនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះថ្នាក់នៅចំណុចនេះជាបន្តបន្ទាប់ ដោយសារតែផ្លូវកោងរហូតដល់ទៅ៨០អង្សារ ដោយអ្នកខ្លះបាននិយាយថា ជាចំណុចជើងកប ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ កៅស៊ូ ឆ្ពោះទៅប្រាសាទសំបូរព្រៃគុគ ស្ថិតនៅក្នុងភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យក្មេងស្រី២នាក់ រងរបួសធ្ងន់ ដោយសារបានបើកបុកគ្នា ជាមួយនឹងរថយន្តដឹកដីកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈដែលក្មេងស្រី២នាក់ ជិះម៉ូតូហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1K.2272 បើបរដោយឈ្មោះ ហុន.ចាន់ធី ភេទស្រី អាយុ២០ឆ្នាំ នៅភូមិស្នួល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀត រួមដំណើរឈ្មោះ ឡាច.គង្គា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកទាំង២របួសធ្ងន់ តែមិនប៉ះពាល់ដល់អាយុជីវិត ដោយសារអ្នកទាំងពី២បានពាក់មួកសុវត្ថិភាព ។
ចំណែក រថយន្តដឹកដី ពណ៌ស ស្លាកលេខ ភ្នំពេញ3A.1703 បើកបរដោយឈ្មោះ ញឹក ធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជាផល ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ក៏បានចុះពីលើរថយន្ត ហើយរត់គេចខ្លួនដោយសុវត្ថិភាព ដែលជាទំលាប់ម៉ែចែកឲ្យ និងបានបន្សល់រថយន្តនៅកណ្តាលផ្លូវ ទុកឲ្យសមត្ថកិច្ច នៃធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ យកទៅរក្សាទុករង់ចាំឲ្យតំណាងភាគីទាំងសងខាង ចូលមកដោះស្រាយតាមនីតិវិធី ។
សមត្ថកិច្ច នៃធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ ទទួលផែនចរាចរណ៍ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ និងរថយន្តដឹកដីនេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ ៕ ប៊ុនរិទ្ធី