ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានប្រារព្ធធ្វើឡើងរាល់៤ឆ្នាំម្តង ដែលមានប្រទេសចំនួន៣២ចូលរួមដណ្តើមពានរង្វាន់មួយនេះ។ ពានបាល់ទាត់ពិភពលោកមួយនេះ ត្រូវបានបង្កើតឡើង ដោយលោក Silvio Gazzaniga ជាសិល្បករជនជាតិអ៊ីតាលី ។
ពាននេះមានតម្លៃប្រមាណ ២០ លានដុល្លារ។ ការរចនាធ្វើគំរូដំបូងដោយលោក Gazzaniga ធ្វើឡើងក្នុងឆ្នាំ១៩៧៤ ផ្ដល់ជូនក្រុមទទួលបានជយលាភីរៀងរាល់៤ឆ្នាំម្ដង។
ពាននេះមានកម្ពស់ ១៤,៥អ៊ីង ប្រើមាស១៨ការ៉ាត់ ទម្ងន់១៣,៥ផោន ហើយមានអត្តពលិក២រូបតំណាងត្រដាងដៃពីរឡើងលើទ្រពិភពលោក។
ពេលបញ្ចប់ការប្រកួត World Cup ពាននឹងប្រគល់ជូនក្រុមដែលឈ្នះ ដែលមានចារឈ្មោះប្រទេសនោះនៅពីក្រោម។ ពាន World Cup សិប្បនិមិត្ត រួមជាមួយមេដាយ ត្រូវបានក្រុមហ៊ុន GDE Bertoni ប្រគល់ជូនសហព័ន្ធបាល់ទាត់ពិភពលោក ដើម្បីផ្ដល់ជូនក្រុមបាល់ទាត់ ដែលក្លាយជាជើងឯកនៅ World Cup។
សូមបញ្ជាក់ថា ប្រទេសប្រេស៊ីល ជាប្រទេសដែលជោគជ័យឈ្នះពាននេះច្រើនជាងគេ ពោលគឺ គ្រងតំណែងដល់ទៅ៥ដង(១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង២០០២) ខណៈប្រទេសអ៊ីតាលីធ្លាប់ឈ្នះពាន៤ដង(១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦) អាល្លឺម៉ង់ធ្លាប់ឈ្នះបាន៤ ដង(១៩៥៤, ១៩៧៤, ១៩៩០, និង ២០១៤) អ៊ុយរ៉ុយហ្គាយធ្លាប់ឈ្នះ២ដង(១៩៣០, ១៩៥០) អាហ្សង់ទីនធ្លាប់ឈ្នះ ២ ដង(១៩៧៨, ១៩៨៦) អង់គ្លេសធ្លាប់ឈ្នះ១ដង(១៩៦៦) បារាំងធ្លាប់ឈ្នះ១ដង(១៩៩៨) និងអេស្ប៉ាញធ្លាប់ឈ្នះ១ដង(២០១០)។
បច្ចុប្បន្នអាល្លឺម៉ង់គឺជាក្រុមការពារតំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះ ដោយបានយកឈ្នះក្រុមអាហ្សង់ទីន ១-០ កាលពីឆ្នាំ២០១៤។ ចំណែកក្រុមលេខ៣គឺហុល្លង់ ខណៈដែលប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ៤ ៕ ដេវីត