ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តតាកូម៉ានឹងគោយន្តដឹកឈើប៉ះជើងឡើងលើ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុវាស់វែងនិងយកវត្ថុតាងទាំង២ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំកោះហៅភាគីទាំង២មកដោះស្រាយគ្នាដោយសន្តិវិធី ។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ង ១៩និង៣០នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៧៨~៧៩ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
រថយន្តម៉ាកតាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 5021 បើកបរដោយឈ្មោះ សូ សុខន ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិគោគ ឃុំសង្កែសាទប ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឹ ចំណែកអ្នកបើកគោយន្តមិនស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្គ នឹងគោយន្ដកន្ដ្រៃ ដឹកឈើដែលបើកបរបញ្ច្រាសទិសគ្នា ។
ម្ចាស់រថយន្តម៉ាកតាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ស្ពឺ 2A 5021 ត្រូវបានស្គាល់ឈ្មោះ សូ សុខន ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិគោគ ឃុំសង្កែសាទប ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឹ ។
តាមការរៀបរបស់តៃកុងរថយន្តគឺមុនពេលកើតហេតុ គាត់បានបើករថយន្តពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានបែកកង់ ហើយបានរេចង្កូតទៅបុកគោយន្តដឹកឈើក្នៀប ដែលបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែកអ្នកបើកគោយន្តបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចមកដល់ ។
បន្ទាប់ពីធ្វើកំណត់ហេតុវាស់វែងរួចរាល់ វត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ