ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការដល់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិតាមសេវាកម្មរថយន្តក្រុង នៅ រាជធានីភ្នំពេញ ដោយប្រើប្រាស់កាតអេឡិកត្រូនិច ដើម្បីទូទាត់សាច់ប្រាក់ នៅពេលធ្វើដំណើរម្តងដោយមិនបាច់ប្រើសាច់ប្រាក់ដោយផ្ទាល់នោះទេ។
ក្នុងពិធីប្រកាសដាក់អោយដំណើរការ ជាផ្លូវការ នៃការប្រើប្រាស់ទូទាត់សាច់ប្រាក់ប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុង នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គា ៧កើត ខែបឋមាឍ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណតរថយន្តក្រុង ទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សេវាកម្មប្រើប្រាស់កាតអេឡិចត្រូនិក សំរាប់ទូទាត់សាច់ប្រាក់ នៅពេលធ្វើ ដំណើរតាមរថយន្តក្រុងម្តង គឺវាបង្ករភាពងាយស្រួលដល់អ្នកដំណើរគ្រប់ប្រភេទ ទាំងជាតិ និងអន្តរជាតិ ហើយក៏បញ្ជាក់ឲ្យ បានឃើញកាន់តែច្បាស់ផងដែរពីការរីកចំរើនផ្នែកសេដ្ឋ កិច្ចនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល ផងដែរ ។
លោកបន្ដថា៖ ការប្រើប្រាស់កាតអេឡិចត្រូនិកទូទាត់សាច់ ប្រាក់នៅលើសេវាកម្មរថយន្តក្រុងនេះ គឺរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សហការជាមួយក្រុមហ៊ុនវីង ជាអ្នកលក់កាតអេឡិចត្រូនិក ជូនអតិថិជន។ ដើម្បីបង្កភាពងាយស្រួល ជូនដល់អតិថិជន ដោយសារបច្ចុប្បន្នមានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃៗ ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា៖ ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន ១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន ២ពាន់ដង។ លោកបន្តថា៖ ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសំរាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន ។
លោក អ៊ាន សុឃីម បានបញ្ជាក់ថា៖ សំរាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសំរាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកំពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ដែលកាតលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សំរាប់អ្នកដំណើរទូទៅ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នមានរថយន្តក្រុងចំនួន១៥៥ គ្រឿង ដែលរត់នៅលើផ្លូវសំខាន់ៗចំនួន៨ខ្សែ នៅក្នុងក្រុង ។ មានប្រជាពលរដ្ឋប្រើប្រាស់រថយន្ដក្រុង រាល់ថ្ងៃ២ម៉ឺននាក់ ក្នុង១ថ្ងៃៗ នៅមិនទាន់ឆ្លើយតបតាមតម្រូវការអតិថិជននៅឡើយ ៕ សំរិត