ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេញ៉ែសង្សារខ្លួន ទាញកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួសដៃឆ្វេងក្លាយជាអ្នកទោស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះធាវ អ៊ី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃ អាទិត្យ ៥ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ក្រោយពីបង្កហិង្សាកាប់ជនរងគ្រោះម្នាក់ស្ទើរដាច់កដៃ ព្រោះខឹងជនរងគ្រោះញ៉ែសង្សាររបស់ខ្លួនកាលពីថ្ងៃមុនរួចគេចខ្លួនបាត់មួយរយៈ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យបានកាប់ឈ្មោះ ខុន ស៊ីឆេ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ឱ្យរបួសកដៃខាងឆ្វេងនៅផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឲ្យរបួសដៃឆ្វង ហើយជនសង្ស័យបានគេចខ្លួនបាត់អស់មួយរយៈ ។ ក្រោយពេលទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះភ្លាម សមត្ថកិច្ចបានបើកការស៊ើបអង្កេតនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅយប់ថ្ងៃទី១៧ ខែមិថុនា នេះតែម្តង ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ការកាប់ឱ្យជនរងគ្រោះរបួសនោះគឺប្រើកាំបិតប៉័ងតោដោយសារខឹងជនរងគ្រោះញ៉ែសង្សាររបស់ខ្លួន ហើយថាថ្ងៃនោះខ្លួនមានគ្នា២នាក់ ដែលម្នាក់ទៀតពេលនេះកំពុងគេចខ្លួនបាត់ហើយ ។ បន្ទាប់ពីជនសង្ស័យសារភាពហើយនោះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តទៀត ដើម្បីចាត់ការបន្តតាមច្បាប់ ៕ សហការី

 


ចែករំលែក៖