ព័ត៌មានទាន់ហេតុការណ៍៖

សាច់ញាតិសពទទូចសុំតុលាការខេត្តកំពង់ឆ្នាំងជួយដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក ស៊ឹម សំណាង ត្រូវជាប្អូនប្រុសបង្កើតសពឈ្មោះ ឃុត ស៊ីម ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានទទូចសុំដល់តុលាការខេត្តកំពង់ឆ្នាំង ជួយធ្វើអន្តរាគមន៍រឿងក្តី គ្រោះថ្នាក់នៅស្រុកកំពង់លែងឲ្យបានឆាប់ចប់ផង ព្រោះគ្រួសារសពកំពុងត្រូវការប្រាក់ដើម្បីទូទាត់ថ្លៃបុណ្យសព បន្ទាប់ពីគ្រួសារលោកនៅមិនទាន់ទទួលបានយុត្តិធម៌ចំពោះរឿងគ្រោះថ្នាក់នេះឡើយ ពោលគ្រួសារសព មិនទាន់បានទទួលដំណឹងអ្វីបន្តិចសោះ។

លោកវរសេនីយ៍ត្រី បូ ថេង អធិការរង នៃអធិការដ្ឋានគរបាលស្រុកកំពង់លែង ប្រាប់គ្រួសារសពរឿងក្តីនេះថា បានបញ្ជូនឲ្យតុលាការដោះស្រាយហើយ តែមកដល់ពេលនេះមិនដឹងថា តុលាការចាត់ការដែរឬទេ ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ លោក ឃុត ស៊ីម ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ខណៈដែលកំពុងបើកបរបញ្ច្រាសទិសគ្នា នៅចំណុចខ្លោងទ្វារវត្តស្វាយរំពារ ស្ថិតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់បានបណ្តាលមកពីជនបង្កទាំងស្រុង ដែលបានបើកម៉ូតូលឿនដូចហោះទៅបុកជនរងគ្រោះ ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ឹម សំណាង ក៏ធ្លាប់បានទទូចសុំដល់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឲ្យជួយអន្តរាគមន៍ម្តងរួចហើយ ព្រោះរឿងក្តីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏ធ្លាប់ត្រូវបានបន្តអូសបន្លាយ ដោយសារតែលោកវរសេនីយ៍ត្រី បូ ថេង អធិការរង នៃអធិការដ្ឋានគរបាលស្រុកកំពង់លែង។ អធិការរងរូបនេះ បញ្ជាក់ថា មិនអាចហៅជនបង្ក មកបំភ្លឺបាន ព្រោះនេះជារដូវកាលបោះឆ្នោតដែលត្រូវថ្នាក់ថ្នមប្រជាជន។នៅយប់ថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានដាក់បញ្ជាឲ្យស្នងការខេត្តកំពង់ឆ្នាំងនិងស្នងការរងទទួលបន្ទុកចរាចរណ៍ ត្រួតពិនិត្យករណីគ្រោះថ្នាក់ចរាចរមួយនេះ និងបានដាក់បញ្ជាឲ្យលោកវរសេនីយ៍ត្រី បូ ថេង ផ្អាកធ្វើការងារនេះមួយរយៈសិន។

លុះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ទោ ឈឹម សារុន បានចេញមុខធ្វើការបដិសេធថា លោកវរសេនីយ៍ត្រី បូ ថេង មិនបាននិយាយសម្តីនេះទេ។ ដោយសារតែមនោសញ្ចេតនាសុំអង្វរករ គិតយល់ពីអ្នកស្រុកភូមិនេះហើយ ដែលធ្វើឲ្យលោកវរសេនីយ៍ត្រី ឃ្លាតពីច្បាប់ មានការយឺតយ៉ាវ មិនបានបញ្ជូនមកជំនាញខេត្ត ទើបមានរឿងបែបនេះកើតទើ្បង។

ទោះបីជាមានការបំភ្លឺយ៉ាងនេះក្តី សាច់ញាតិជនរងគ្រោះនៅតែអះអាងថា ខ្លួនបានលឺផ្ទាល់ត្រចៀកថា លោកវរសេនីយ៍ត្រី បូ ថេង ពិតជាបាននិយាយថា ដោយសារតែរដូវកាលបោះឆ្នោតមកដល់ ត្រូវតែយកចិត្តទុកដាក់ចំពោះប្រជាជន។ មិនតែប៉ុណ្ណោះ លោកបូ ថេង ថែមទាំងនិយាយថា ថ្នាក់លើចុះមកឲ្យធ្វើការងារបក្សនៅភូមិចំបក់ខ្ពស់ ទៀតផង។

ស្រាប់តែនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នោះដដែល ត្រូវជាថ្ងៃអាទិត្យ លោកវរសេនីយ៍ត្រី បូ ថេង បានហៅលោក ស៊ឹម សំណាង ដោយអះអាងថា មកធ្វើពាក្យបណ្តឹង ដើម្បីបញ្ជូនទៅតុលាការខេត្តឲ្យគេដោះស្រាយ ទើបដឹងថា រឿងនេះគេនៅមិនទាន់បញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការ ដែលជារឿងគួរឲ្យហួសចិត្ត៕ សហការី


ចែករំលែក៖