ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានចុះមកសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយបានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងអំពីរបាយការណ៍លទ្ធផលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ ក្នុងនោះលោកបានសង្កត់ធ្ងន់ថា ចំណុចខ្លាំងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមមាន កត្តាសាមគ្គីភាពផ្ទៃក្នុង ហេដ្ឋារចនាសម្ព័ន្ធសមរម្យ មន្រ្តីរាជការមានការយល់ដឹងអំពីតួនាទីនិងភារកិច្ចរបស់ខ្លួន និងមានការគាំទ្រពីស្ថាប័នច្បាប់ អាជ្ញាធរ និងក្រសួងបរិស្ថាន ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានរំលេចឲ្យឃើញអំពីបញ្ហាប្រឈមមួយចំនួនរួមមាន មន្រ្តីរាជការនិងមន្រ្តីឧទ្យានុរក្ស នៅមានចំនួនតិច បទល្មើសបរបាញ់សត្វព្រៃមានការកើនឡើងតាមរយៈម៉ាស៊ីនថតដោយស្វ័យប្រវត្តិ ហើយក៏មានការបាត់បង់ម៉ាស៊ីនថតស្វ័យប្រវត្តិអស់ជាច្រើនគ្រឿងដែលជនល្មើសបានលួច និងចំនួនសត្វព្រៃធ្លាក់ចុះគួរឲ្យកត់សម្គាល់ ។ លោកបន្តថា ចំពោះការបាត់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះ មន្ទីរបរិស្ថានខេត្តបានចាត់វិធានការដោយដាក់ពាក្យបណ្ដឹងទៅអង្គភាពនគរបាលយុត្តិធម៌រួចផងដែរ ។
លោកបានមានប្រសាសន៍បន្តទៀតថា ជាជំហាននៃការអនុវត្តការងារបន្ត មន្ទីរបរិស្ថានខេត្តនឹងបន្តការងារការពារនិងអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃទាំង៥ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដោយសហការជាមួយអាជ្ញាធរ ស្ថាប័នតុលាការ វិស័យឯកជន និងអង្គការដៃគូ និងបន្តការងារផ្សព្វផ្សាយចំណេះដឹងបរិស្ថានជូនប្រជាពលរដ្ឋ និងប្រជាសហគមន៍ជុំវិញតំបន់ការពារធម្មជាតិ រួមទាំងអនុវត្តន៍នូវកិច្ចគាំពារបរិស្ថានឲ្យកាន់តែប្រសើរឡើង ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងអំពីកត្តាសាមគ្គីភាពផ្ទៃក្នុង ដែលជំរុញឲ្យមន្រ្តីរាជការអនុវត្តន៍ការងារទទួលបាននូវជោគជ័យជូនអង្គភាព និងសង្គមជាតិ ។ លើសពីនេះ លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើនិងក្រើនរម្លឹកដល់មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឲ្យខិតខំបំពេញការងារស្នូលចំពោះមុខ ដើម្បីសម្រេចបាននូវផែនការជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល ។
លោក ផៃ ប៊ុនឈឿន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្រ្តីរាជការ ត្រូវតែយល់ដឹងអំពីតួនាទីនិងភារកិច្ចការងាររបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ លោកបានមានប្រសាសន៍បន្តទៀតថា មន្រ្តីរាជការត្រូវតែមានគំនិតច្នៃប្រតិដ្ឋ រៀនគិត រៀនធ្វើ និងត្រូវហ៊ានប្រឈមជាមួយបញ្ហាលំបាក ហើយត្រូវចេះដោះស្រាយការលំបាក ទើបជីវិតក្នុងអាជីពរាជការទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ៕ ហេង សូរិយា