ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសបែកប្រអប់ជើងខាងស្តាំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះកង់បញ្ច្រាស់ទិសចរាចរណ៍ហើយត្រូវរថយន្តហុីយ៉ាន់ដាយបើកកិន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរង្វល់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចនៅគោលដៅនោះបាន ឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសសិស្សសាលាម្នាក់ជិះកង់ធ្វើដំណើរចេញពីផ្លូវជាតិលេខ៣ មកដោយជិះត្រសៀរខាង និងបញ្ច្រាសទិសចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខតាកែវ 3A 1850 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតហេតុបានបួងចង្កូតបំណងទៅផ្លូវជាតិលេខ៣ ក៏ជ្រុលកិនកង់ក្មេងប្រុសសិស្សសាលាបណ្តាល ឲ្យរងរបួសបែកប្រអប់ជើងខាងស្តាំ ។
ភ្លាមនោះសមត្ថកិច្ចបានឃាត់រថយន្ត និងតៃកុងបានភ្លាមៗតែម្តង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តបង្ក និងកង់ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ