ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន ពាណិជ្ជករក្រោយចេញសែកអត់លុយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃី ឆៃ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ រឿន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំដាក់ពន្ធនាគារ រង់ចាំនីតិវិធីបន្ត ពាក់ពន្ធ័ករណីបទល្មើស មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកអត់លុយ) ។

យោងតាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ រឿន សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាពាណិជ្ជករ មានស្រុកកំណើតនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលបច្ចុប្បន្ន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តទៀតថា ជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រម ឃី ឆៃ ពាក់ព័ន្ធ បទល្មើសមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ៕ ស តារា


ចែករំលែក៖