ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់ដើរបត់ជើងមិនប្រយ័ត្នរអិលធ្លាក់ចូលទន្លេបណ្ដាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់លង់ទឹកស្លាប់យ៉ាងអណោចអធ័ម ខណៈដើរទៅបត់ជើងតូចមិនប្រយ័ត្នរអិលធ្លាក់ចូលក្នុងទន្លេ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើនៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៤៥នាទី ត្រង់ចំណុចផែចំណីសត្វ ស្ថិតក្នុងភូមិព្រែក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់ឈ្មោះ ង្វៀង យាំងតុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ទីលំនៅប្រទេសវៀតណាម និងមានលិខិតឆ្លងដែនលេខC4782877 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើមានអក្ការៈឈឺក្បាលនិងមិនស្រួលក្នុងខ្លួន ភ្លាមនោះជនរងគ្រោះបានដើរទៅខាងក្រៅក្បែរមាត់ទន្លេ ដើម្បីទៅបត់ជើងតូច ខណៈនោះជនរងគ្រោះក៏បានរអិលជើងធ្លាក់ចូលក្នុងទឹកទន្លេ ឃើញដូច្នោះបងរបស់ជនរងគ្រោះបានស្ទុះទៅជួយ តែជនរងគ្រោះបានលិចជ្រៅបាត់ទៅហើយ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់ក្រុមការងារក្នុងសាឡង់ទាំងអស់បានចុះជួយរាវរក តែរកពុំឃើញនោះទេ ។ លុះមកដល់មកដល់ថ្ងៃទី២៤ ខែឆ្នាំកើតហេតុដដែលទើបមានគេប្រទះឃើញសាកសពជនរងគ្រោះជាប់សន្ទូចប្រជាពលរដ្ឋដែលរាយក្នុងទន្លេ ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញខេត្ដនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងជំនាញស្រុកពញាឮ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកព ។ ក្រោយពីពិនិត្យរួច មន្រ្ដីជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖