ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីបើករថយន្តមួយគ្រឿងម៉ាកRAV-4យ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់ និងខ្ទេចរថយន្តមួយកំណាត់មុខផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកRAV-4 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AE-6871 បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រួមទាំងផ្ទុះពោងសុវត្ថិភាពទាំងសងខាង ហើយបង្កឲ្យម្ចាស់រថយន្តរងរបួសបាក់ជើង និងបែកក្បាលត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ ។ ចំណែកឯទ្រូងផ្លូវវិញ បានបែកខ្ទេចចំនួន២កង់នឹងក្បាលនាគ១កង់ រួមទាំងអស់៣កង់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមច្បាប់ ៕ ភារ៉ា ដង្កោ