ព័ត៌មានទាន់ហេតុការណ៍៖

ទៅទិញទឹកកកមកវិញភ្លើងឆេះផ្ទះម៉ត់ សល់តែផេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បទានសង្គមកិច្ចមន្រ្តីនិវត្តន៍ជន១ខ្នងត្រូវបានភ្លើងឆាបឆេះមួយពព្រិចភ្នែក នៅគ្រាដែលម្ចាស់រវល់ទៅទិញទឹកកក ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបឆ្លងចរន្តអគ្គិសនីឆាបឆេះបែបនេះ ។

ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះសម្បែងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀល ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាល ស្រុកបាកានឃើញថា ផ្ទះសម្បទានសង្គមកិច្ច ១ខ្នងដែលត្រូវបានអគ្គីភ័យឆាបឆេះម៉ត់នោះ មានទំហ៊ុំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ រនាបក្រាលក្តារ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង សម្ភារការខូចខាតរួមមាន អង្ករចំនួន ០១ការ៉ុង ស្រូវពូជចំនួន ០៤ការ៉ុង ពាងទឹកចំនួន ០៧ កង់ចំនួន ០១គ្រឿង និងលុយចំនួន ៤០មឺុនរៀល រួមទាំងឯកសារខ្លះៗផងដែរ ។

របាយការណ៍ខាងលើបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ ជិន ចុង ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ. ឃុំកើតហេតុខាងលើ ហើយការដែលអគ្គិភ័យឆាបឆេះខាងលើនេះ នៅគ្រាដែលម្ចាស់គាត់រវល់មិនមានមនុស្សនៅផ្ទះនោះទេ ហើយអាចបណ្ដាលមកពីផ្ទុះស្សេខ្សែភ្លើងទើបឆ្លងចរន្តអគ្គិសនីឆាបឆេះបែបនេះ ម្យ៉ាងទៀតការឆេះគឺលឿងមិនអាចជួយអន្តរាគមន៍ពីអ្នកភូមិផងរបងជាមួយបាននោះឡើយ៕ ប៉ឹម ពិន


ចែករំលែក៖