ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកំណត់ថាឆ្នាំ២០១៩ខាងមុខនឹងបញ្ចុះតម្លៃអគ្គិសនីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ឆ្នាំ២០១៩ខាងមុខនេះនឹងបញ្ចុះ តម្លៃអគ្គិសនីទូទាំងប្រទេស ខណៈដែលរាជរដ្ឋាភិបាលបានបើកឱកាសដល់ក្រុមហ៊ុន ចំនួន២វិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជាបន្ថែមទៀត។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាកាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យបានឲ្យដឹងថា កម្ពុជា កំពុងតែមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្មជាដើម។ ដូច្នេះតម្រូវការលើវិស័យអគ្គិសនីនេះពិតជាមានសារសំខាន់ណាស់ដើម្បីបម្រើសេចក្ដីត្រូវការរបស់រោងចក្រសហគ្រាសក៏ដូចជាការកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេស ជិតខាង។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល បានកំណត់ថា ឆ្នាំ២០១៩ខាងមុខនឹងបញ្ចុះ តម្លៃអគ្គិសនីនៅគ្រប់រាជធានី-ខេត្ដដើម្បី លក់ជូនប្រជាពលរដ្ឋ និងរោងចក្រសហ គ្រាស ។

លោកបានបញ្ជាក់ថា ក្រោយពីព្រឹទ្ធសភា ឯកភាពច្បាប់ចំនួន២ដើម្បីបើកផ្លូវឲ្យរាជ រដ្ឋាភិបាលយកច្បាប់នេះអនុញ្ញាតឲ្យក្រុម ហ៊ុនចំនួន២ វិនិយោគលើវិស័យអគ្គិសនីប្រើដោយថាមពលព្រះអាទិត្យនៅកម្ពុជា។ ច្បាប់ចំនួន២នេះពិតជាមានសារសំខាន់ណាស់ដើម្បីស្រូបយកអ្នកវិនិយោគមក បណ្ដាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនឡើង បន្ថែមទៀតដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើត ទីផ្សារពលកម្ម និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ព្រឹទ្ធសភាបានកំណត់ យកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បី ឯកភាពរបៀបវារៈចំនួន២៖

ទី១-ពិនិត្យ និងឲ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ។

ទី២-ពិនិត្យ និងឲ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ខេមបូឌា អុិនធើណេស្យូណល អុិនវេស្តមេន ឌីវើ ឡុបមេន គ្រុប ៕ ហេង សូរិយា


ចែករំលែក៖