ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៦ហើយ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៤៦លើកនេះ មានកម្មករ កម្មការនីសរុប ៦០៥,២១២នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។
រោងចក្រសហគ្រាសទាំង៥ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនាព្រឹកនេះ គឺមកពីស្រុកសាមគ្គីមានជ័យចំនួន៣ និងស្រុកកំពង់ត្រឡាចចំនួន២។ រោងចក្រទាំង៥នេះ មានរោងចក្រចំនួន៤ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រ១ទៀត ជារោងចក្រផលិតស្បែកជើង ហើយផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕