ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យគ្មានសមត្ថភាពគ្រប់គ្រាន់រៀបចំភាពអនាធិបតេយ្យរបស់​ហ្វូងហាងខារ៉ាអូខេនៅផ្លូវលេខ២០០៤

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទទួលរងនូវការរិះគន់​ពីសំណាក់ប្រជាពលរដ្ឋថា គ្មានសមត្ថភាពស្មើនឹង​ពួកថៅកែហាងខារ៉ាអូខេអនាធិបតេយ្យនៅលើកំណាត់ផ្លូវលេខ២០០៤ ។ គ្មានសមត្ថភាពព្រោះតែមិនអាចរៀបចំឲ្យពួកគេមានសណ្តាប់ធ្នាប់ និង​រឿងដដែលៗកើតឡើង ។ ករណីនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទំនងជាបានលាភសក្ការពីការកាប់ឆៅរបស់ពួកថៅកែហាងខារ៉ាអូខេនៅតាមផ្លូវលេខ២០០៤នេះ ។

បញ្ហានៃការចាប់ប្រផាប់ប្រភីងចំពោះអ្នកធ្វើដំណើរតាមផ្លូវឲ្យចូលច្រៀងក្នុងហាងរបស់ខ្លួនគឺជារឿងមួយ ឯរឿងមួយទៀត គឺករណីនៃការកាប់តម្លៃឆៅៗតែម្តង ហើយរឿង​នេះ បានកើតមានស្ទើរជារៀងរាល់ថ្ងៃនៅតាមបណ្តាហាង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ វាហាក់បីដូចជារដ្ឋអនាធិបតេយ្យមួយ ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនអាចគ្រប់គ្រងបាន ។ ទង្វើបែបនេះគួរតែឲ្យពួកថៅកែហាងទាំងនោះ ធ្វើជាអ្នកដឹកនាំ​ខណ្ឌទើបល្អជាង ។

ជាក់ស្តែងបុរស២នាក់បាននាំគ្នាចូលច្រៀងក្នុងខារ៉ាអូខេយីហោ មូន KTV និងផឹកស្រាបៀរអង្គរអស់ចំនួន១កេសមានទាំងម្ហូនទៀត ខណៈស្រវឹងក៏បបូលនារីដៃគូរអង្គុយជាមួយទៅខាងក្រៅតែនាងមិនព្រម ក៏ឲ្យគិតលុយអស់ចំនួន៦១ដុល្លារ ទើបនាំគ្នាឆោឡោផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅហាងខាងរ៉ាអូខេយីហោ មូន KTV នៅលើកំណាត់ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកចូលច្រៀងនៅក្នុងហាងខារ៉ាអូខេខាងលើដោយហៅបៀរអង្គរចំនួន១កេសស្មើ និង៣០ដុល្លារ និងម្ហូប កង្កែបបំពងមួយចានស្មើនឹង១២ដុល្លារ ផ្លែល្ពៅមួយចានស្មើ៧ដុល្លារ ថែមទាំងកូកាកូឡា និងបាកាស់ចំនួន៤កំប៉ុងទៀតស្មើនឹង១២ដុល្លារ លុះពេលផឹកស្រវឹងក៏បបួលនារី ដែលយកមកអង្គុយកំដរនោះទៅដេកតែនាងមិនព្រមធ្វើឲ្យបុរសនោះខឹងហៅបុគ្គលិកមកគិតលុយចេញវិញតែពេលគិតលុយអស់សរុបចំនួន៦១ដុល្លារគិតថាថ្លៃពេកក៏នាំគ្នាឆោឡោឡើងហៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់ និងសម្របស្រួលគ្នាដោយម្ចាស់ហាងគិតតែ៤០ដុល្លារ ពីបុរសទាំង២នាក់នោះទើបព្រមព្រៀងគ្នាបញ្ចប់រឿងតែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖