ប៉ុន្មានថ្ងៃនេះ ពេលបើកហ្វេសប៊ុកហើយឃើញគេបង្ហោះសារ Comment របស់ជនជាតិកូរ៉េទាក់ទង នឹងបាតុកម្មរបស់ក្រុមប្រឆាំងនៅក្នុងប្រទេសរបស់គេធ្វើឲ្យខ្ញុំសែនខ្មាស់ជនជាតិកូរ៉េយ៉ាងពន់ពេក។ ពួកគេ សរសេរដៀលត្មិះក្រុមបាតុករខ្មែរទាំងនោះថា ធ្វើបាតុកម្មនៅស្រុកឯងមិនអស់ចិត្តមកធ្វើបាតុកម្មរញ៉េរញ៉ៃក្នុង ស្រុកគេទៀត។ មានជនជាតិកូរ៉េខ្លះទៀតសម្តែងការខឹងសម្បារ និងជេរប្រមាថដោយប្រើពាក្យធ្ងន់ៗទៅលើ ក្រុមបាតុករទាំងនោះដែលបានប្រើទង់ជាតិជប៉ុនព្រោងព្រាតនៅក្នុងប្រទេសរបស់គេដោយមិនយល់កិច្ចការ និងមិនបានគិតគូរដល់ប្រវត្តិសាស្ត្រ និងដល់អារម្មណ៍របស់គេទាល់តែសោះ។
ពេលឃើញបែបនេះខ្ញុំពិតជានឹកសង្វេគខ្លាំងណាស់ថា ឱ!ជនជាតិខ្មែរយើងត្រូវរងការជេរប្រមាថ និង បង្កការខឹងសម្បារដល់គេបែបនេះ គឺដោយសារតែក្រុមប្រឆាំងមួយក្តាប់តូច ហើយធ្វើឲ្យប៉ះពាល់ដល់កិតិ្តយស ខ្មែរទាំងមូល។ ហេតុអ្វីក៏ខ្មែរមួយក្តាប់តូចនោះដើរបង្កបញ្ហានៅគ្រប់ទីកន្លែងយ៉ាងដូច្នេះ? ធ្វើបាតុកម្មរញ៉េរញ៉ៃ ធ្វើឲ្យខូចសណ្តាប់ធ្នាប់នៅក្នុងស្រុកឯងមិនអស់ចិត្តទៅបង្កភាពរញ៉េរញ៉ៃអសណ្តាប់ធ្នាប់នៅស្រុកគេធ្វើឲ្យគេឈឺក្បាលក្តៅក្រហាយដោយសារឯងទៀត។ នេះបានចំជាអ្នកដើរបំផ្លាញកិត្តិយសជាតិខ្មែរគ្រប់ទីកន្លែងមែន!
ជាការពិត បើសិនជាយើងតាមសង្កេតមើលសកម្មភាពនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំ ដោយលោក សម រង្ស៊ី យើងបានឃើញយ៉ាងច្បាស់ថា ក្រុមនេះមានបេសកកម្មធំតែមួយគត់គឺការដើរបង្ខូច កេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពប្រទេសរបស់ខ្លួនជានិច្ចកាល។ នៅក្នុងប្រទេស ពួកគេបង្កបញ្ហាគ្រប់បែប យ៉ាងមិនឲ្យប្រទេសនេះមានភាពស្ងប់ស្ងាត់រស់នៅដោយសុខសន្តិភាពឡើយ។ មួយថ្ងៃមួយថ្ងៃ ពួកគេដើរតែ ចាក់ដោត ញុះញង់ បំផុសកំហឹងឲ្យពលរដ្ឋស្អប់អាជ្ញាធររាជរដ្ឋាភិបាលតាមរយៈពាក្យសម្តីវាយប្រហារ ជេរប្រទេច ផ្តាសារ ប្រមាថថ្នាក់ដឹកនាំប្រទេស រួមទាំងព្រះមហាក្សត្រផងដែរ។ បន្តិចដឹកនាំធ្វើបាតុកម្មនៅកន្លែងនេះ កន្លែង នោះ បិទផ្លូវរំខានដល់អ្នកធ្វើដំណើរ បន្តិចបាតុកម្មដង្ហែក្បួនធ្វើឲ្យស្ទះចរាចរណ៍ រហូតពេលខ្លះបង្កអំពើហិង្សា ដុត បំផ្លាញ វាយកម្ទេចទ្រព្យសម្បត្តិ និងបង្ករបួសស្នាម រហូតដល់ការបាត់បង់ជីវិតមនុស្សថែមទៀត។ បើមិន អ៊ីចឹង ទេ ពួកគេទៅធ្វើសកម្មភាពបំពានច្បាប់លុះដល់ពេលគេចាប់ដាក់គុកក៏នាំគ្នាឡាំប៉ាថា ជាអ្នកទោសនយោបាយ។ និយាយឲ្យចំទៅ សកម្មភាពរបស់ពួកគេធ្វើយ៉ាងម៉េចកុំឲ្យអាជ្ញាធររាជរដ្ឋាភិបាលបាននៅសុខស្រួល និងមាន ពេលអភិវឌ្ឍន៍ប្រទេស។
នៅឯក្រៅប្រទេសវិញ, ពួកគេនាំគ្នាជិះយន្តហោះទាំងហ្វូងៗទៅដើរគោះទ្វារការិយាល័យរបស់គេ ដើម្បី សុំជួបនិយាយអាក្រក់ពីប្រទេសជាតិខ្លួនឯង។ បើគេមិនឲ្យជួបទេក៏នាំគ្នាធ្វើបាតុកម្មនៅពីមុខការិយាល័យ ឬ ពីមុខស្ថានទូតរបស់គេធ្វើឲ្យគេឈឺក្បាលឥតល្ហែ។ ចុះអីក៏អាក្រក់យ៉ាងនេះ? នេះឬសកម្មភាពនយោបាយ អ្នកស្នេហាជាតិ? ទេ!គឺជាសកម្មភាពបំផ្លាញជាតិសុទ្ធសាធ។
ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជារង្គាសចិត្ត និងមានអារម្មណ៍ខ្មាស់អៀនបរទេសខ្លាំងណាស់ដោយសារ ឃើញសកម្មភាពរបស់អ្នកនយោបាយមួយក្រុមធ្វើបែបនេះ។ បងប្អូនពលករខ្មែរដែលទៅធ្វើការនៅស្រុកគេ គួរតែខិតខំធ្វើការងារដើម្បីសាងស្នាដៃសម្រាប់កូនខ្មែរនិងខិតខំសន្សំប្រាក់មកជួយគ្រួសារ និងប្រទេសជាតិ របស់ខ្លួន។ បងប្អូនមិនគួរជឿពាក្យញុះញង់របស់អ្នកនយោបាយជ្រុលនិយម ហើយទៅចូលរួមបាតុកម្មរឿង នយោបាយធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយ៉ាងខ្លាំងដូច្នេះទេ។ មើលសារ Comment របស់ជនជាតិ កូរ៉េចុះនោះបងប្អូននឹងយល់ហើយថា តើបងប្អូនត្រូវបានគេមាក់ងាយ និងជេរប្រមាថយ៉ាងណាខ្លះ? ជាពិសេស ខ្ញុំចង់ផ្ញើសារនេះទៅលោក សម រង្ស៊ី, លោកស្រី មួរ សុខហ៊ួរ និងអ្នកផ្សេងទៀតដែលជាថៅកែបាតុកម្មទាំងឡាយ សូមគិតគូរដល់កិត្តិយសរបស់ជាតិផង ហើយសូមគិតគូរពីអារម្មណ៍របស់ជនជាតិគេផងមុននឹងធ្វើអ្វីមួយបង្កបញ្ហា អសណ្តាប់ធ្នាប់ដល់ប្រទេសរបស់គេ។
អ្នកអាចធ្វើនយោបាយប្រឆាំងបាន តែទោះក្នុងតម្លៃណាក៏ដោយ ធ្វើនយោបាយត្រូវមានបន្ទាត់រួមមួយ ដែលជានយោបាយការបរទេសដែលគ្រប់គណបក្ស គ្រប់ភាគីខ្មែរត្រូវគោរពទោះជាអ្នកស្ថិតនៅក្នុងនិន្នាការ នយោបាយណាមួយក៏ដោយ។ នោះ គឺការលើកស្ទួយកិត្យានុភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិសាសន៍របស់ ខ្លួន ក៏ដូចជាការយល់ពីក្រឡាភូមិសាស្ត្រនយោបាយដែលត្រូវដើរដើម្បីស្វែងរកផលចំណេញជូនជាតិ។ គេមិន ដែលធ្វើនយោបាយយកមួយឈ្នះដៃ ដើម្បីតែផលប្រយោជន៍បក្សពួកខ្លួនឯងមួយក្តាប់តូច ហើយជាន់ឈ្លី កិត្តយសជាតិទាំងមូលដូច្នេះឡើយ។
នៅប្រទេសថៃ លោកថាក់ស៊ីនតែងអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនស្ងប់ស្ងាត់ និងចេញទៅបោះឆ្នោតឲ្យ បានគ្រប់គ្នាទោះជាគ្មានរូបគាត់ចូលរួមក៏ដោយ។ ខុសស្រឡះពីលោក សម រង្ស៊ី និងគូកននៅស្រុកខ្មែរ ដែល តែងអំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្មបះបោរ បង្កចលាចល និងអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ពីព្រោះតែ ខ្លួនមិនបានចូលរួមបោះឆ្នោត។ នៅប្រទេសភូមា កាលពីលោកស្រី អង់សាន ស៊ូជី នៅជាមេដឹកនាំបក្សប្រឆាំង គាត់ទៅដល់ទីណាតែងតែអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយផ្តល់ជំនួយដល់ប្រទេសរបស់គាត់ជានិច្ច ខុសពី លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងនៅស្រុកខ្មែរដែលតែងអំពាវនាវឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ជំនួយ និងឈប់ទិញផលិតផលសម្លៀកបំពាក់ដែលជាញើសឈាមរបស់កម្មករខ្មែរ។
សរុបមកវិញ ក្នុងនាមកូនខ្មែរម្នាក់ ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយប្រឆាំងជាពិសេសដល់លោក សម រង្ស៊ី សូមលោកបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដូចបានលើកឡើងខាងដើម ហើយសូមលោកធ្វើនយោបាយ គិតគូរដល់ប្រយោជន៍ជាតិជាធំដើម្បីកុំឲ្យខ្មែរទូទៅខ្មាស់គេដោយសារតែរូបលោក និងគូកនមួយក្តាប់តូចជាបន្តទៀតឲ្យសោះ៕ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ