ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយ១១ឆ្នាំព្យាបាលមិនជាដាច់ចិត្តចងកសម្លាប់ខ្លួនលើដើមស្វាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ដល់អ្នកភូមិ ក៏ដូចជាក្មេងៗឃ្វាលក្របីប្រទះឃើញ ស្ត្រីម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមស្វាយ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសព ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង១២និង២០នាទី នៅចំណុចភូមិតាប៉ោញ ឃុំព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលបានប្រាប់កាសែតនគរវត្តដឹងថាស្ត្រី ដែលសង្ស័យចងកសម្លាប់ខ្លួនមាន ឈ្មោះ នាង ផល្លា អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ។

ប្រភពបន្ថែមទៀតថាបន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានថា មានករណីចងកសម្លាប់ខ្លួនសមត្ថកិច្ចស្រុកសហការជាមួយនគរបាលជំនាញ និងគ្រូពេទ្យបានប្រញាប់មកកន្លែងកើតហេតុមកពិនិត្យជាច្រើនម៉ោង ទើបសន្និដ្ឋានថា ស្ត្រីខាងលើបានស្លាប់ដោយចងកនឹងខ្សែជ័រ នឹងដើមស្វាយពិតប្រាកដមែន ព្រោះមិនឃើញមានស្លាកស្នាមអ្វីថា ជារឿងឃាដកម្មអ្វីនោះទេ ។

យោងតាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថា ស្ត្រីខាងលើនេះគឺមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ដោយត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ និងមានថ្នាំសង្កូវផឹកជាប្រចាំដែរ ប៉ុន្តែមិនមានការធូរស្រាលអ្វីនោះទេ ។

ប្រភពបន្ថែមថា មុនពេលកើតហេតុ គេឃើញស្ត្រីនេះដើរម្នាក់ឯងតាមផ្លូវដោយមិននិយាយស្ដីជាមួយអ្នកភូមិសោះដូចជាមានវិបត្តិអ្វីមួយ បន្ទាប់មកប្រមាណជាមួយម៉ោងក្រោយមក ស្រាប់តែលឺសូរក្មេងឃ្វាលក្របីរត់មកប្រាប់ថា ស្ត្រីខាងលើបានចងកសម្លាប់ខ្លួនក្រោមដើមស្វាយស្លាប់បាត់ទៅហើយ ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យបងប្អូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖