ភ្នំពេញ៖ តាមរយៈការថ្លែងទៅកាន់មន្ត្រីនគរបាលខណ្ឌ៧មករា១១២នាក់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរសកិ្ត និងប្រគល់ប័ណ្ណសសើរដល់មន្ត្រីការិយាល័យជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃព្រហស្ប៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានពាំនាំនូវការកោតសសើរពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ជួន សុវណ្ណ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះមន្ត្រីនគរបាលខណ្ឌ៧មករា ក្នុងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ផ្លូវគោកបានល្អប្រសើរជាងគេ ក្នុងចំណោមអធិការដ្ឋាននគរបាលខណ្ឌទាំង១២។
លោកឧត្តមសេនីយ៍ត្រី សុង លី ក៏បានលើកឡើងបន្ថែម និងបានបញ្ជាក់ពីភាពអង់អាចបំផុតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងជាពិសេសក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា។ លោកថា ដោយការប្រឹងប្រែងរបស់កងកម្លាំងរួមរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ទើបថ្នាក់លើអគ្គស្នងការ ក៏ដូចជាក្រសួងមហាផ្ទៃសម្រេចតំឡើងឋានន្តរសកិ្ត និងបានប្រគល់ប័ណ្ណសសើរដល់អធិការដ្ឋានខណ្ឌ៧មករានៅថ្ងៃនេះ។
លោកឧត្តមសេនីយ៍ត្រី សុង លី ក៏បានធ្វើការណែនាំដល់មន្ត្រីនគរបាលការិយាល័យជំនាញធ្វើខិតខំបំពេញភារកិច្ច បំរើសេវាសាធារណៈដល់ពលរដ្ឋឲ្យបានល្អប្រសើរ ចេះនិយាយស្តីឲ្យបានល្អដល់ពលរដ្ឋ បើទោះបីស្ថិតក្នុងស្ថានភាពធ្ងន់ស្រាលយ៉ាងណាក៏ដោយ កុំឲ្យមានការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋ។ ត្រូវអនុវត្តន៍តាមបទបញ្ជាថ្នាក់ឲ្យបានភ្ជាប់ភ្ជួន រក្សាឲ្យបាននូវការសម្ងាត់ក្នុងអង្គភាព ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងមិនត្រូវយកតួនាទីទៅអនុវត្តន៍ផ្ទុយនិងភារកិច្ចថ្នាក់លើដាក់ចុះ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាលឲ្យបានល្អ។
លោកឧត្តមសេនីយ៍ត្រី សុង លី ក៏បានផ្តាំផ្ញើបន្ថែមទៅលើការផ្សព្វផ្សាយព័ត៌មានតាមរយៈការបង្ហោះក្នុងបណ្តាញសង្គមដោយមិនមានការអនុញ្ញាត នាំឲ្យប៉ះពាល់ដល់ការងារជំនាញ និងមិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានជួបសម្ភាសជនសង្ស័យ ឬជនរងគ្រោះ ដែលនេះវាកាន់តែធ្វើឲ្យមានការប៉ះពាល់ធ្ងន់ដល់សិទ្ធមនុស្ស ព្រោះថាជនសង្ស័យដែលពុំទាន់បានត្រូវចោទប្រកាន់ពីតុលាការទេនោះ គេនៅជាជនសង្ស័យនៅឡើយ ហើយការLiveផ្ទាល់តាមបណ្តាញសង្គមនេះក៏វាធ្វើឲ្យប៉ះពាល់ដល់ការងារជំនាញយ៉ាងខ្លាំង ក្នុងការដែលក្រុមសមត្ថកិច្ចកុំធ្វើការស្រាវជ្រាវ។ ហេតុដូច្នេះហើយបានជា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនអនុញ្ញាត និងស្នើសុំឲ្យមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌទាំងអស់ត្រូវទទួលខុសត្រូវខ្ពស់ក្នុងបញ្ហានេះ៕ តាឡឹម