ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើករថយន្តបុករថយន្តគេពីក្រោយនៅសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តគេពីក្រោយពេញទំហឹង និងជ្រុលទៅបុករថយន្តស៊ិនទ្រី ដែលកំពុងឈប់យកសំរាមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៩៨៦ ខាងមុខយាន្តដ្ឋាន PAC ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក 4RUNNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-7681 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក BMW X6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-2088 ដែលបើកបរដោយបុរសជាជនជាតិបរទេសម្នាក់មកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលមកបុកក្រោយរថយន្តរងគ្រោះពេញទំហឹង បង្កឲ្យរថយន្តរគ្រោះជ្រុលទៅបុករថយន្តស៊ិនទ្រីមួយគ្រឿងទៀត ដែលកំពុងឈប់យកសំរាមតាមចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តរងគ្រោះរងការខូចខាតកំពឹតផ្នែកខាងក្រោយ និងផ្នែងខាងស្តាំនៃរថយន្តយ៉ាងដំណំ ។ ចំណែកឯរថយន្តបង្ករងការខូចខាតកំពឹតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែករថយន្តស៊ិនទ្រីមិនឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្តដំណើរទៅខាងមុខបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖