ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកជ្រូកបើកបរក្នុងល្បឿនលឿនទៅបុករះម៉ូតូ២គ្រឿងបណ្ដាលឲ្យនិស្សិតពេទ្យម្នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ដោយសាររថយន្តដឹកជ្រូកបើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករះម៉ូតូពីក្រោយពេញទំហឹង​បណ្តាលនិស្សិតពេទ្យស្រីម្នាក់រងរបួសធ្ងន់និងនារីម្នាក់ទៀតរបួសស្រាល ។

ករណី​នេះ​កើតឡើងកាលពីវេលាម៉ោង​ ៤នឹង៣០នាទី​រសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៨​ស្ថិតនៅមុខសាលាបឋមភូមិឬស្សី​ សង្កាត់ស្ទឹង​មានជ័យ៣​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

អ្នកបើករថយន្តបង្កមានឈ្មោះជួប ធារ៉ា អាយុ២៤មានស្រុកកំណើតនៅភូមិឈូកសរឃុំសឹងស្រុកសំរោង ខេត្តតាកែវ ។ ចំណែកនារីរងគ្រោះទាំងនាក់នោះទី១ ឈ្មោះ ដា ស្រស់ អាយុ២៣ឆ្នាំ រងរបួសស្រាល និងទី២ មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជានិស្សិតពេទ្យ រងរបួសធ្ងន់ ។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនារីម្នាក់បានជិះម៉ូតូម៉ាកគុបជ្រុងរួមទាំងស្រ្តីម្នាក់ទៀតជិះម៉ូតូម៉ាកសង់សេ១២៥​ពណ៌ខ្មៅ​ធ្វើដំណើរស្របទិសគ្នា​តាមបណ្តោយផ្លូវ​មុនី្នរ៉េត​ទិសដៅពីច្រមុះជ្រូកស្ទឹងមានជ័យឆ្ពោះមកចំការដូង​ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកជ្រូកមួយគ្រឿងធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូ​ហើយទំនងជាន់ហ្វ្រាំងមិនសុីក៏ជ្រុលបុករះម៉ូតូទាំងពីរគ្រឿងអូសជិត២០ម៉ែត្រ​បណ្តាលឲ្យនារីម្នាក់ជាម្ចាសម៉ូតូគុបជ្រុងរងរបួសមុខនឹងខ្លួន​ធ្ងន់ហើយ​ស្ត្រីម្ចាស់ម៉ូតូសង់សេ១២៥រងរបួសជើងម្ខាង​ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ​ចំណែកតៃកុងរថយន្តបង្កបានចុះពីលើរថយន្តព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បានហើយប្រគល់ឲ្យសមត្ថកិច្ច​រីឯម៉ូតូទាំងពីរគ្រឿងនឹង​រថយន្តបង្កត្រូវបានរងការខូចខាត ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានសហការជាមួយនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះវាស់វែងនៅកន្លែងកើតហេតុហើយបានយកអ្នកបើកបររថយន្តម៉ូតូនឹងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ​រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ តាឡឹម


ចែករំលែក៖