ព័ត៌មានទាន់ហេតុការណ៍៖

អណ្តូងទឹកស្អាតផ្តល់ដោយកាកបាទក្រហមកម្ពុជាជូនពលរដ្ឋជាង២០០គ្រួសារ នៅតំបន់ដាច់ស្រយាល ស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដើម្បីជាការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក យុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបើកការដ្ឋានខួងអណ្តូងស្នប់ចំនួន១២អណ្តូង ដែលផ្តល់ដោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋនៅតំបន់ដាច់ស្រយាល ចំនួន២ភូមិ ស្មើនឹង២១០គ្រួសារ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ។

លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើការសួរសុខទុក និងក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែគិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ដោយមានប្រកានពូជសាសន៍ ពណ៌សម្បុល ឬនិន្នាការនយោបាយអ្វីឡើយ ឲ្យតែទីណាមានទុក្ខលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមជានិច្ច ។

លោក បន្ថែមថា កន្លងមក ប្រជាពលរដ្ឋនៅក្នុងឃុំស្រែឈូកនេះ បានប្រឈមនឹងបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ រួមទាំងពលរដ្ឋមួយចំនួនបានកើតជម្ងឺផ្តាសាយធំហើយក្នុងនាម សាខា កាកបាទក្រហមកម្ពុជាខេត្ត ក៏បានចុះដោះស្រាយជូនភ្លាមៗ ផងដែរស្របពាក្យស្លោក១ពោលថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់មនុស្សគ្រប់ៗគ្នា ដោយមិនទុកឲ្យនរណាម្នាក់ចោលនោះឡើយ ។

លោក ក៏បានណែនាំដល់ពលរដ្ឋទាំងអស់ នារដូវវស្សានេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុភ្លៀងផ្គរន្ទះ ហើយត្រូវរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅរបស់ បងប្អូនឲ្យបានកាន់តែល្អប្រសើរ ។

ក្នុងឱកាសនោះដែរ សាខាកាបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយផ្តល់ជូនពលរដ្ឋ ដែលចូលរួមចំនួន១៣៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានឃីប ១កញ្ចប់ ទឹកស៊ីអ៉ីវ ប្រេងឆា មី ត្រីខ និងថវិកាមួយចំនួន ដោយឡែក ក្នុងនោះ ពលរដ្ឋ ដែលចូលរូមបន្ថែមចំនួន៥៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា៥ម៉ឺនរៀលផងដែរ ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៧កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន បានផ្តល់អណ្តូងស្នប់ជូនពលរដ្ឋនៅស្រុកកែវសីមាចំនួន៣៥អណ្តូងផងដែរ៕ មាស សុផាត


ចែករំលែក៖