ខេត្តកណ្តាល ៖ ស្ត្រីក្រីក្រពិការអង្គុយតែលើរទេះរុញម្នាក់គឺអ្នកស្រី វង់ ធារី អាយុ ៥១ឆ្នាំ រស់នៅភូមិឡកំបោរ សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបាន ថ្លែងថា ដោយសារតែជីវភាពទ័លច្រកគ្មាន ប្រាក់ព្យាបាលខ្លួន ហើយចិញ្ចឹមកូន៤នាក់ និង ចៅ៣នាក់ផងបានសម្រេចចិត្តទៅទិញ ប្រភេទឈើ ឬឈើជជុះមកបោះឲ្យដេប៉ូឈើនៅស្រុកស្អាង ខេត្តកណ្តាលគ្រាន់ បានចំណេញតិចតួចសម្រាប់ទ្រទ្រង់ជីវ ភាពប្រចាំថ្ងៃ ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅស្រាប់តែមន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចខេត្តកណ្តាលចាប់រថយន្តជួល ដឹកឈើរបស់គាត់ និងតម្រូវឲ្យបង់ផាក ពិន័យរហូតដល់៤៧លានរៀលទើបប្រគល់រថយន្តជូនវិញ។ ការតម្រូវឲ្យបង់យ៉ាង ដូច្នេះស្រ្តីជនពិការរូបនេះបានសុំទទូចដល់មន្រ្តីរដ្ឋបាលឈើមានការយោគយល់ផង ដោយសារតែអ្នកស្រីមិនមានប្រាក់ដល់ ចំនួនប៉ុណ្ណេះទេបើមានលុយច្រើនយ៉ាងនេះមិនទៅបង្ខំទៅទិញឈើជជុះគ្រាន់បានចិញ្ចឹមកូន និងចៅនោះឡើយ ។
ស្រ្តីរូបនេះបានរៀបរាប់ពីប្រវត្តិថា មូល ហេតុដែលនាំគាត់ពិការបែបនេះក៏ដោយសារតែប្តីវាយធ្វើបាបរហូតបាត់បង់កូននៅក្នុងផ្ទៃទៀតផង។ ប៉ុន្តែកាលនោះនៅពេលវះកាត់របួសស្នាមរហូតធ្លាក់ខ្លួនពិការដល់សព្វថ្ងៃ ។
ដោយសារតែជីវភាពខ្វះខាតខ្លាំងក៏ សម្រេចចិត្តទៅសុំលោកអភិបាលខេត្តពោធិ៍សាត់ និងជំនាញពាក់ព័ន្ធនានាសុំទិញឈើជជុះនិងល្អខ្លះមកលក់ឲ្យដេប៉ូឈើនៅស្រុកស្អាងក្រែងបានកម្រៃចំណេញបន្តិចយក ទៅទៅវះកាត់ជើង និងក្រែងសល់ប្រាក់ខ្លះ សម្រាប់ថែកូន និងចៅ ។
ស្ត្រីពិការបានបន្តទៀតថា ដោយសារ តែលោកអភិបាលខេត្តពិនិត្យឃើញសភាពរបស់គាត់ក៏បានអនុគ្រោះឲ្យទិញដឹកចេញពីខេត្តពោធិ៍សាត់ដោយមានការឯកភាពពីជំនាញពាក់ព័ន្ធនានាផងដែរ។ ប៉ុន្តែការដឹក នេះគាត់សុំដឹកតែ៣ជើងនោះទេ ដោយ១ ជើងឈើដាក់ត្រឹម១០ម៉ែត្រគូបប៉ុណ្ណោះ។ ឈើទាំងនេះជាប្រភេទឈើជជុះផ្តៀក និង ឈើល្អខ្លះដោយគាត់បានឲ្យប្រាក់ម្ចាស់ ដេប៉ូគេត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះដោយគាត់ធ្លាប់ស្គាល់ម្ចាស់ដេប៉ូនោះ ។
ម្យ៉ាងវិញទៀតដោយសារតែគេអាណិត ឃើញជើងគាត់ទន់គ្មានលុយព្យាបាលជំងឺក៏ចេះជឿឲ្យគាត់សិនទៅ។ ស្ត្រីពិការដដែល បានបន្តទៀតថា ក្រោយពីទិញឈើគេតែងជំពាក់បានហើយរកជួលរថយន្តមិនបានព្រោះគេមិនហ៊ានដឹកឲ្យ។ លុះពេលមន្ត្រី ជំនាញប្រាប់ម្ចាស់រថយន្តថា ដឹកឲ្យគាត់ទៅ គាត់បានសុំពីថ្នាក់ខេត្តរហូតដល់ជំនាញ់ ពាក់ព័ន្ធតាមដងផ្លូវផងដែរអស់ហើយទើបម្ចាស់រថយន្តគេហ៊ានដឹកឲ្យ។ ពេលដឹកឆ្លង កាត់ខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងមកដល់ទឹកដីខេត្តកណ្តាលគល់ស្ពានព្រែក ក្តាមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់ តែមានកម្លាំងជំនាញព្រៃឈើ និងកម្លាំង ប្រដាប់អាវុធផងដែរស្ទាក់ឃាត់ចាប់រថយន្តនិងឈើរបស់គាត់។ ពេលនោះគាត់ទៅអង្វរ កម្លាំងដែលចុះសូមឲ្យដោះលែងឈើនិង រថយន្តគាត់ទៅ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចទាំងនោះបានប្រមាថ និងបើករថយន្ត ចេញទៅកៀរគាត់ដួលបោកទៅនឹងថ្នល់ ផងដែរ ។
ស្ត្រីពិការបានបន្តថា ក្រោយពីបញ្ជូន មកដល់ស្នាក់ការរដ្ឋបាលព្រៃឈើខេត្ត កណ្តាលគាត់បានមកទទូចសុំអង្វរដោះលែងរថយន្ត និងឈើគាត់តែមេព្រៃខេត្ត កណ្តាលមិនអាណិតគាត់ទេទោះបីឃើញគាត់ពិការជើងដាក់ដែកឈាមហូរមកនោះក៏ដោយបែរជាគេប្រាប់ឲ្យគាត់ទៅរកលុយ៤៧លានរៀលមកបង់ពិន័យដាក់ចូលទៅ រដ្ឋទើបគេដោះលែងរថយន្តដឹកឈើនោះ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ អ្នកស្រីបានជិះរ៉ឺម៉កម៉ូតូទៅកាន់កន្លែងរដ្ឋបាលព្រៃឈើក្នុងឃុំរកាខ្ពស់ស្រុកស្អាងដោយ មានកូន និងចៅមកជាមួយផងដែរដើម្បី សុំក្តីមេត្តាពីមេព្រៃ ព្រោះអ្នកស្រីជំពាក់លុយថ្លៃឈើគេគ្មានអ្វីសងនោះទេ។ ម្យ៉ាងទៀត រថយន្តដែលគាត់ជួលមកនោះគ្មានលុយ ឲ្យគេថែមទាំងចាប់ទៀតជាបន្ទុកដ៏ធ្ងន់ធ្ងរ និងដល់កំណត់ត្រូវទៅវះជើងដកដែកចាស់ ដាក់ដែកថ្មីចូលផងដែរ។ បើមិនដូច្នេះគាត់ស្រីអាចប្រឈមនឹងគ្រោះថ្នាក់ដែលកើតចេញពីជើង ប៉ុន្តែមិនមានលទ្ធផលអ្វីទាំង អស់ ៕ ហេង សូរិយា