ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនម្នាក់ និងថ្នាំញៀនច្រើនពាន់គ្រាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ២០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងរឹបអូសបានវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួនៈ ០២ថង់ធំ ស្មើ ៩៨៨.៦ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួនៈ ៤.០៣៥គ្រាប់ -ទូរស័ព្ទដៃចំនួន ០២គ្រឿង -កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនជាកម្មករអូសរទេះ និងបានទទួលបញ្ញើរឥវ៉ាន់ពីបុរសម្នាក់ពីប្រទេសថៃ មិនស្គាល់អត្តសញ្ញាណ(ទំនាក់ទំនងតាមរយៈទូរស័ព្ទ) យកឆ្លងដែនចូលមកប្រទេសកម្ពុជា លុះចូលមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង ។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់ថាជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕


ចែករំលែក៖