ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ ZOOMERបុកម៉ូតូដឹកមេក្រូប្រញាប់ធ្វើបុណ្យ របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តព្រៃវែងៈ ម៉ូតូពីរគ្រឿងបាន បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យ បុរស៣នាក់រងរបួសធ្ងន់និងស្រាល កាលពីម៉ោងជាង៥ព្រឹក ថ្ងៃ សៅរ៍ ៣ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នៅ លើផ្លូវលេខ384B ភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្វាយអន្ទរបានឲ្យ ដឹងថា ភាគីម៉ូតូម៉ាកហុងដា គុប ពណ៌សំបកឪឡឹកពាក់ ស្លាកលេខ ព្រៃវែង 1A-2164 អ្នកបើកបរឈ្មោះសូ ឡាក់ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរស៊ីឈ្នួលចាក់មេក្រូ បុណ្យនឹងការ រស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុគស្វាយអន្ទរ ខេត្តព្រៃវែង។បុរសនេះ បើកបរម៉ូតូពីកើតទៅលិច ចេញពីផ្ទះ ប្រញាប់ដឹកមេក្រូ ទៅចាក់បុណ្យកម្សាន្តក្នុងភូមិហើយ បើកឆ្លងកាត់ទទឹងថ្នល់ មិនប្រយ័ត្ន បំណងចង់បត់មកស្តាំដៃ ទើបតែដល់ចំណុចពាក់កណ្តាផ្លូវត្រូវ ម៉ូតូហុងដា ZOOMER ពណ៌ លឿង+ស ស្លាកលេខភ្នំពេញ 1GQ-4239 បើកបរពីទិសត្បូងទៅជើង បុកពេញទំហឹងចំចំហៀងម៉ូតូហុងដាគុប ខ្ទាតមកចិញ្ចើមផ្លូវខាងលិចទាំងម្ចាស់នឹងម៉ូតូបណ្តាលឲ្យរងរបួសស្រាល។រីឯអ្នកបើកបរ ម៉ូតូហុងដា ZOOMER ឈ្មោះ វន់ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ មុខរបជាងសំណង់ រស់នៅភូមិត្រពាំងចកឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសជង្គង់ ខាងឆ្វេង ដេរ៥ថ្នេរ និងអ្នករួមដំណើរម្នាក់ ឈ្មោះវន់ សុភាន់ ភេទប្រុស អាយុ៣៨ឆ្នាំជាបង រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់ បាក់ដងកាំបិតខាងឆ្វេងនិងរបួស ក្បាលដេរ៥ថ្នេរ។ ក្រោយហេតុភ្លាមៗអ្នករងគ្រោះទាំងអស់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រៃវែង។

បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរស្រុកស្វាយអន្ទរ ចុះទៅដល់វាស់វែងនិងយកម៉ូតូទាំង២គ្រឿង មកទុកនៅប៉ុស្តិ៍ អង្គរទ្រេត រង់ចាំការដោះស្រាយពេលក្រោយ ៕ សហការី


ចែករំលែក៖