ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រពន្ធប្រទះឃើញ ចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកក្បែរផ្ទះ នៅគ្រាដែលប្រពន្ធកូន និងចៅជាប់រវល់(មិននៅផ្ទះ) ដែលករណីនេះ គេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត(ឈឺរាំុរ៉ៃ) ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ទឹកចក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បុិល បង់ ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់ រួមទាំងចៅៗផងដែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពថា ជនរងគ្រោះធ្វើសកម្មភាពនៅគ្រាដែលប្រពន្ធកូនរវល់(មិននៅផ្ទះ) ហើយអាចបណ្ដាលមកពីមានវិចិត្តផ្លូវចិត្ត ខណៈក្រុមគ្រួសារប្រាប់ថា គាត់មានជំងឺរាំុរ៉ៃប្រចាំកាយ ។
ប្រភពដដែលបន្តទៀតថា ករណីនេះមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធនៃបានសហការគ្នា ចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តដាក់ទុកដាក់ផងដែរ លទ្ធផល៖ ឃើញថាគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ រួចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន