ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបនៅតែជាប្រទេសទី១ទទួលទិញទំនិញច្រើនជាងគេពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួង ពាណិជ្ជកម្មបានបញ្ជាក់ជាថ្មីថា សម្រាប់ កម្ពុជាសហភាពអឺរ៉ុបនៅតែជាប្រទេសទី មួយដែលទទួលទិញទំនិញច្រើនជាងគេបើធៀបនឹងបណ្តាប្រទេសផ្សេងៗដទៃទៀត ជាពិសេសខាងផ្នែកសម្លៀកបំពាក់ ស្បែក ជើង និងកង់ជាដើម ។

មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្រោយពិធីបើកពិព័រណ៍ផលិតផលមកពីអឺរ៉ុប កាលពីព្រឹកថ្ងៃសុក្រ ២រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៧កន្លង ទៅទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានឹងសហគមន៍អឺរ៉ុបមានប្រមាណជិត៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួនជាង៤ពាន់លានដុល្លារ។ ដោយឡែកការនាំចូលពីអឺរ៉ុបមកកម្ពុជាមានទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារប៉ុណ្ណោះ។

លោកស្រីរដ្ឋលេខាធិការបានបន្តថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជ កម្មជាមួយបណ្តាប្រទេសផ្សេងលើពិភពលោក ហើយសំខាន់យើងគិតថាទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ចនេះមិនមែនផល ប្រយោជន៍សម្រាប់តែកម្ពុជាទេគឺមានផលប្រយោជន៍ទៅដល់ប្រទេសដែលជាដៃគូ ដែរ មានន័យថា មានផលប្រយោជន៍ទៅ វិញទៅមក ។

សភាពាណិជ្ជកម្មអឺរ៉ុបនឹងរៀបចំឲ្យមានពិព័រណ៍ផលិតផលមកពីអឺរ៉ុបរៀងរាល់២ឆ្នាំម្តងនៅប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញឲ្យមានការកសាងទំនាក់ទំនងថ្មីៗនិងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដែល មានស្រាប់រវាងកម្ពុជានឹងបណ្តាក្រុមហ៊ុនដែលតំណាងឲ្យតំបន់មួយដែលមានសេដ្ឋកិច្ចសំខាន់បំផុតក្នុងពិភពលោក ៕ ហេង សូរិយា


ចែករំលែក៖