ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ រថយន្តដឹកទំនិញ៥គ្រឿងបើកឆ្លងដែនពេលយប់ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន២គ្រឿងនិងឆែករកឃើញមានបង្កប់ស្រា ប្រភេទ Hennessy និងស្រា XO គេចពន្ធ ចំនួន៤កេស និងម៉ូតូ៣ទៅ៤គ្រឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកាលពីយប់ថ្ងៃសុក្រ ២រោច ខែបឋមា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
បើតាមន្រ្តីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរាយការណ៍ ថា មានរថយន្តយីឌុប៥គ្រឿងផ្ទុកទំនិញពេញគ្របជិតសង្ស័យថា ដឹកឈើប្រណីត ឆ្លងដែនទៅប្រទេសវៀតណាម ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀងបានស្ទាក់ឃាត់រថយន្តបាន២គ្រឿងនៅវេលាម៉ោង១១និង១០នាទីយប់ គឺ១គ្រឿងស្ទាក់បាននៅចំណុចជិតវត្តចេកវ៉ា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ក្រោមការ សម្របសម្រួលពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការឆែកឆេររកវត្ថុតាងឈើប្រណីត ប៉ុន្តែការ ឆែកឆេរនោះរកពុំឃើញមានឈើប្រណីតទេមានតែទំនិញគ្រឿងអេឡិចត្រូនិកជជុះ ដូចជា ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ លែនកាមេរ៉ាជាដើម ។
ប្រភពបន្តថាលុះនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនាក៏ឃាត់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3A-6237 យកមកការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីឆែកឆេរ ហើយបានរកឃើញទំនិញគេចពន្ធបង្កប់ ក្នុងគ្រឿងអេឡិចត្រូនិករួមមាន ស្រា Hennessy និងស្រា XO ដបធំ ដបវែង ចំនួន៤ កេស និងមានកង្ហារ ទូទឹកកក ម៉ាស៊ីន ត្រជាក់ ចង្ក្រានហ្គាស កាតាប ស្បែកជើង ខោអាវ គ្រឿងអលង្ការកាឡៃ ចាន សំបក វេចខ្ចប់បារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខ ទៀត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងខាងលើត្រូវបានអូសមកកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀងដើម្បីចាត់ការបន្ត តាមច្បាប់ ៕ យឹម សុថាន