ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាបឥឡូវសម្បូរចោរលួចរថយន្តណាស់

ចែករំលែក៖

ខេត្តសៀមរាប ៖ មួយរយៈពេលកន្លងមកនេះគេសង្កតឃើញថា ករណីចោរលួច រថយន្តបានកើតឡើងជាញឹកញាប់ក្នុងខេត្តសៀមរាប។ ជាក់ស្តែងកាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៨ នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគងរថយន្តកាមរីបាឡែនមួយគ្រឿងត្រូវចោរចូលលួចក្នុងបរិវេណ ផ្ទះយកទៅបាត់ដោយសុវត្ថិភាព។ ចំណែក ម្ចាស់រថយន្តបានត្រឹមអង្គុយយំសោក ស្តាយទ្រព្យសម្បត្តិរបស់ខ្លួនដែលត្រូវចោរលួចយកទៅបាត់នោះ ។

យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកប្រាសាទបាគងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សំ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើបានបាត់រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប 2A-9132 ។

មន្ត្រីដដែលបានបន្តទៀតថា ចំពោះ ករណីខាងលើនេះសមត្ថកិច្ចក៏ដូចជាជន រងគ្រោះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើប្រទះឃើញរថយន្តដូចភិនភាគខាងលើ សូមជួយផ្តល់ព័ត៌មានទៅសមត្ថកិច្ចផង មិនថា តាមបណ្តាខេត្តឬទីណានោះទេ ៕ សហការី


ចែករំលែក៖