ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនមានការវិវឌ្ឍយ៉ាងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃពុធ ៧រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨បានឲ្យដឹងថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Hu Zhengyue អនុប្រធានសមាគមការទូត សាធារណៈនិងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិនបានវាយតម្លៃខ្ពស់ដោយការរីក រាយពេញចិត្តចំពោះការវិវឌ្ឍដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានឹងចិន និងការរៀបចំ សកម្មភាពជាច្រើនដើម្បីអបអរខួបលើក ទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ។

ការវាយតម្លៃនេះត្រូវបានលើកឡើង នៅក្នុងជំនួបសម្តែងការគួរសមកាលពី រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ របស់ លោក Hu Zhengyue ក្នុងឱកាសបំពេញ ទស្សនកិច្ចនៅកម្ពុជា ។

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ អំពីសារសំខាន់នៃទស្សនកិច្ចផ្លូវការនៅ កម្ពុជារបស់លោក លី ខឺឈាំង នាយករដ្ឋ មន្ត្រីចិនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៨ ដើម្បីអបអរសាទរដល់ខួបលើកទី ៦០នេះ និងជាសញ្ញាមួយដ៏សំខាន់នៃការគាំទ្ររបស់ចិនចំពោះដំណើរការអភិវឌ្ឍ និងការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី២៩ ខែ កក្កដាខាងមុខនេះ ។

លោកHu Zhengyue បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីអំពីជំហររបស់រដ្ឋាភិបាល ចិនគាំទ្រយ៉ាងពេញលេញដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងបានសម្តែងការកោតសរសើរចំពោះការរីកចម្រើន ពិសេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលរាជ រដ្ឋាភិបាលកម្ពុជាសម្រេចបាន ។

លោកបានលើកឡើងពីបំណងរបស់លោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកអនុប្រធានសមាគមការទូត សាធារណៈក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជានៅក្នុងការលើកស្ទួយទំនាក់ទំនងអាស៊ាន-ចិន និងទំនាក់ទំនងរវាងបណ្តាប្រទេសមេគង្គជា មួយចិនតាមរយៈកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ។

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពសំខាន់លើការរក្សាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយលោកក៏បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ចិនលើការចាត់វិធានការតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដែលសំដៅការពារឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសជាតិ ។

លោកទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយឧបត្ថម្ភជាច្រើនរបស់រដ្ឋាភិបាលចិន និង បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ចិនតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យក្នុងដំណើរការកសាង និងអភិវឌ្ឍកម្ពុជា ។

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីបំណងចង់ឲ្យមានកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិជាមួយវិទ្យាស្ថានការទូតរបស់ចិន ៕ ហេង សូរិយា


ចែករំលែក៖