ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបញ្ជាក់ថា CPPដឹកនាំរដ្ឋាភិបាល គ្មានគោលការណ៍យកពន្ធដីស្រែកសិករទេ

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើង អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា។ សម្តេចតេជោបានលើកឡើងថា ក្នុងដំណាក់កាលគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច នេះរាជរដ្ឋាភិបាលគ្មានគោលនយោបាយ ណាមួយយកពន្ធលើដីស្រែរបស់កសិករ ទេ ហើយទោះបីជា ពេលនេះរាជរដ្ឋាភិបាល កំពុងជំរុញដល់វិស័យឧស្សាហកម្មយ៉ាងណាក្តីក៏មិនបានបោះបង់ចោលការលើក កម្ពស់វិស័យកសិកម្មម្តងណាឡើយ ។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ៧ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងឱកាសដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករកម្ម ការិនីជិត៣ម៉ឺននាក់មកពីរោងចក្រចំនួន ១៨នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា «សម័យដើមតាំងពីជំនាន់បារាំង ឯណោះមិនមែនត្រឹមតែជំនាន់សង្គមរាស្រ្តនិយមទេគឺបង្កើតការយកពន្ធដីនៅស្រុកខ្មែរនេះឯង​អ៊ីចឹងបានជាកសិករខ្មែរនៅ ក្រាំងលាវ ហៅភូមិតិរច្ឆាន ដោយបារាំងធ្វើអ្វីមិនបានក៏ដាក់ឈ្មោះភូមិនេះជាភូមិតិរច្ឆានតែម្តង ប៉ុន្តែសម័យគណបក្សប្រជាជនគ្រប់គ្រងអំណាចគណបក្សប្រជាជនមិនទាន់បានយកដីស្រែពីកសិករណាមួយទេ» ។

សម្តេចតេជោបានបន្តថា «ចំពោះវិស័យ កសិកម្មដែលតាំងពីមុនរហូតដល់ពេល នេះ ហើយពេលទៅខាងមុខនយោបាយ ឧស្សាហកម្មរបស់យើងក៏សំដៅទៅរកការគាំទ្រនៅក្នុងកសិកម្មនយោបាយកសិឧស្សាហកម្មក៏សំដៅធ្វើយ៉ាងម៉េចដោះស្រាយឱ្យកសិករមានទីផ្សាររកទីផ្សារឱ្យកសិកររបស់យើងទាំងក្នុងប្រទេសនិងក្រៅប្រទេស» ។

គោលនយោបាយកសិកម្មគឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។សម្តេចតេជោបានលើកឡើងថា ដើម្បីជំរុញវិស័យនេះរាជរដ្ឋាភិបាលក៏បានបណ្តុះ បណ្តាលដល់កសិកររបស់កម្ពុជាជាច្រើន ដោយរាប់ទាំងកម្មវិធីចិញ្ចឹមត្រី ចិញ្ចឹមសត្វ ផងដែរ។ ប៉ុន្តែដើម្បីភាពរីកចម្រើនទៅមុខទៀតកម្ពុជាត្រូវបន្ថែមគោលនយោបាយលើវិស័យអាទិភាពផ្សេងបន្តទៀត ។

សម្តេចបានបញ្ជាក់ថា «ប្រទេសដែលធ្វើកសិកម្មសុទ្ធដូចអាពតមិនអាចធ្វើអ្នក មានបានទេ មិនអាចរីកលូតលាស់បានទេ ត្រូវផ្គុំគ្នានូវវិស័យទាំង៣ កសិកម្ម ឧស្សា ហកម្ម និងវិស័យសេវា។ ប្រទេសយើង សេវារីកធំណាស់នៅប្រទេសជឿនលឿន សេវានេះរីកធំដោយមានទាំងទេសចរណ៍ ធានាគារ លក់ដូរ ។ល។» ៕ ហេង សូរិយា


ចែករំលែក៖