ព័ត៌មានទាន់ហេតុការណ៍៖

ឡូរ៉ា ម៉ម ល្បីនៅបរទេសក្រោយឈ្នះពាន Women of the Future Awards 2018

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងខ្មែរល្បីឈ្មោះ កញ្ញា ឡូរ៉ា ម៉ម ត្រូវបានកម្មវិធី “ស្ត្រីនៃពេលអនាគត” ប្រកាសជាបេក្ខជនទទួលបានពាន រង្វាន់អន្តរជាតិ ផ្នែក «សិល្បៈវប្បធម៌»កាលពីកន្លតទៅ ។ នាងត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍ និងកោតសរសើរពីស្នាដៃសិល្បៈ និងការខិតខំតស៊ូខ្លាំងរបស់នាងក្នុងកិច្ចការងារសិល្បៈ ។

កញ្ញា ឡូរ៉ា ធ្លាប់បានប្រកាសថាជាប់ជាជម្រើសចុងក្រោយ ក្នុងកម្មវិធី “ស្ត្រីនៃពេលអនាគត” ដើម្បីប្រកួតជាមួយតំណាងស្រ្តីគំរូជាច្រើននាក់ជុំវិញពិភពលោក ។ “ស្ត្រីនៃពេលអនាគត” គឺជាកម្មវិធីពានរង្វាន់អន្ដរជាតិ ដែលបានទទួលស្គាល់ដោយលោកស្រី Cherie Blair ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស គឺលោក Tony Blair ។ កម្មវិធីពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតនូវបណ្តាញមួយក្នុងចំណោមស្ត្រីដែលមានឥទ្ធិពល និង មានអំណាចក្នុងពិភពលោក ដោយសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងជាមួយគ្នា នឹងជួយរុញច្រានស្ត្រីលើលោកឲ្យក្លាយជាអ្នកនាំមុខគ្រប់វិស័យ ។

កញ្ញា ឡូរ៉ា ម៉ម ដែលបានជាប់ជាបេក្ខនារីឈរឈ្មោះក្នុង ផ្នែក ”សិល្បៈ និងវប្បធម៌” រួមជាមួយបេក្ខនារីដទៃទៀតដែលតំណាងឲ្យប្រទេសកម្ពុជាបានទៅចូលរួមកម្មវិធីនៅឯប្រទេស សិង្ហបុរី កាលពីចុង ខែមីនា កន្លងទៅនេះ ។ ជាមោទនភាពដ៏ធំធេងមួយសម្រាប់ស្រ្តីកម្ពុជា ដែលមានបេក្ខនារីដល់ទៅ១១រូបតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។ មានតែ កញ្ញា ឡូរ៉ា តែម្នាក់ប៉ុណ្ណោះដែលបានទទួលពានរង្វាន់ “ស្ត្រីនៃពេលអនាគត” ក្នុងផ្នែក ”សិល្បៈ និងវប្បធម៌” ក្នុងចំណោមបេក្ខនារីឈរឈ្មោះមកពីប្រទេសដទៃទៀតជាច្រើនរូបហើយនាងផ្ទាល់ក៏សឹងតែមិនជឿថាខ្លួននឹងទទួលបានពានរង្វាន់មួយនេះនៅពេលដែលគេប្រកាសហៅឈ្មោះរបស់នាងនៅលើឆាក ហើយវាពិតជាកិត្តិយសដ៏មានតម្លៃសម្រាប់នាង និងសម្រាប់ស្ត្រីកម្ពុជាទាំងអស់” ។

ក្រោយឈ្នះពានរង្វាន់នេះដែរនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានអន្តរជាតិ ជាក់ស្តែងដូចជាបណ្តាញទូរទស្សន៍ថៃល្បីៗបានបង្ហាញពីស្នាដៃ និងភាពលេចធ្លោររបស់នាងខ្លាំងក្នុងកិច្ចការងារសិល្បៈ ដែលសិល្បករដទៃពិបាកនឹងធ្វើបាន ។ នាងធ្លាប់បានចូញរួមកិច្ចការងារសង្គម និងសិល្បៈជាច្រើននៅកម្ពុជារហូតទទួលបានការគាំទ្រលើកទឹកចិត្តច្រើនពីមហាជន ជាមួយនឹងការប្តេជ្ញាខ្ពស់ក្នុងការលើកមុខមាត់សិល្បៈខ្មែរលើឆាកអន្តរជាតិ ហើយអ្វីដែលធ្វើឲ្យគេរំភើបគឺការសន្យាមិនចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកវិញនោះឡើយ ។

គួរបញ្ជាក់ដែរថាម៉ម ឡូរ៉ាទេវរី តារាចម្រៀងខ្មែរសញ្ជាតិអាមេរិក ដែលបានមករស់នៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយដែរ ។ កញ្ញា បានបញ្ចប់បរិញ្ញាបត្រផ្នែកនរវិទ្យា ឬមុខវិជ្ជាទាក់ទងនឹងការវិវត្តន៍នៃមនុស្ស នៅសកលវិទ្យាល័យ Berkeley ក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ កញ្ញា ចូលចិត្តច្រៀងចម្រៀងបទខ្មែរ អង់គ្លេស បារាំង និពន្ធបទភ្លេងចម្រៀង និងជាអ្នកលេងហ្គីតាផងដែរ៕ វឌ្ឍនា


ចែករំលែក៖