កាលពីថ្ងៃទី៤ខែកក្កដាស្ត្រីម្នាក់បាន ព្យាយាមឡើងទៅ លើរូបចម្លាក់ ស្ត្រី តំណាងសេរីភាព អាមេរិក ដើម្បីប្រឆាំងនឹង គោលនយោបាយ ស្តីពីជនអន្តោប្រវេសន៍ របស់លោកត្រាំ។ ក្រោយរយៈពេលជាង៣ ម៉ោង ចរចា ទើបកម្លាំងជួយសង្គ្រោះអាច បញ្ជូនស្ត្រីខាងលើចុះមកវិញបាន។
ប្រភពព័ត៌មានពីកម្លាំងប៉ូលិសទីក្រុងញូវយ៉កបានឲ្យដឹងថា ស្ត្រីដែលឡើងទៅលើរូបចម្លាក់នោះមានឈ្មោះ Therese Patricia Okoumou ។ នាងជាមនុស្សម្នាក់ ក្នុងចំណោម អ្នកចូលរួមធ្វើបាតុកម្ម ប្រឆាំងគោលនយោបាយអន្តោប្រវេសន៍របស់លោកត្រាំ មានឈ្មោះថា«Rise and Resist ដឹកនាំដោយ Martin Joseph Quinn ។ ប៉ុន្តែអ្នកដឹកនាំបាតុកម្មបញ្ជាក់ថា សកម្ម ភាពឡើងលើរូបចម្លាក់នោះ មិនមែនជា ផ្នែកមួយនៃការធ្វើបាតុកម្មនោះឡើយ។ លោក Martin Joseph Quinn បញ្ជាក់ថា «នាងបានឡើងទៅលើរូបចម្លាក់ ខុសពី គម្រោងបាតុកម្មរបស់យើង »។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ប៉ូលិស១៦នាក់បានចូលរួមនៅក្នុងសកម្មភាពរំដោះស្ត្រីខាងលើចុះពីរូបសំណាក់។ លោក Glacken មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា «ពេលដំបូង នាង មិនស្តាប់ អ្វីដែលយើងនិយាយនោះឡើយ ប៉ុន្តែយើងបានព្យាយាមបញ្ចុះបញ្ចូលនាងដោយប្រើពេលយ៉ាងយូរ ។ នាងបាននិយាយដល់ កុមារនៅតិចសាស់ ដោយមិនស្តាប់ការ ពន្យល់ពីប៉ូលិសនោះឡើយ ។ មិនតែ ប៉ុណ្ណោះ នាងបានគំរាម រុញជណ្តើរប៉ូលិស ទម្លាក់ទៀតផង។ ក្រោយមកនាងក៏បាន យល់ព្រម និងសុំទោសយើង ដែលបាន ឡើងទៅលើនោះ»។
ប៉ូលិសបានបញ្ជាក់ថា នាងអាចនឹងត្រូវ ឲ្យសងសំណង ដែលធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈនៅទីនោះ។ អ្នកទេសចរជាង ៣០០០នាក់ ក៏ត្រូវបានស្នើឲ្យចាកចេញពីកន្លែងនោះដែរ ដើម្បីសុវត្ថិភាព៕ ម៉ែវ សាធី