ព័ត៌មានទាន់ហេតុការណ៍៖

សាធារណរដ្ឋកូរ៉េប្រគល់សម្ភារកីឡា ជូនកីឡាករចំបាប់ជម្រើសជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ឯកសណ្ឋាន និងស្បែកជើងកីឡាចំបាប់ ដែលមានតម្លៃប្រហែលជា៥ពាន់ដុល្លាសហរដ្ឋអាមេរិកជាអំណោយរបស់សាធារណរដ្ឋកូរ៉េត្រូវបានប្រគល់ជូនក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជានៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ការប្រគល់នេះធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងគ្រូបង្វឹកក្រុមកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ។

លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា តាមរយៈកម្មវិធីភាពជាដៃគូលើវិស័យកីឡាក្រសួងវប្បធម៌កីឡា និងទេសចរណ៍ប្រទេសកូរ៉េតែងធ្វើការឧបត្ថម្ភសម្ភារប្រើប្រាស់សំរាប់កីឡាចំបាប់ជូនក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាជារៀងរាល់ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ននេះ ។ លោកបន្តថាលោកគីមស៊ូគីលគ្រូបង្វឹកកីឡាចំបាប់ជនជាតិកូរ៉េបានខិតខំប្រឹងប្រែងក្នុងការបង្វឹកក្រុមកីឡាករជម្រើសជាតិកម្ពុជាអស់រយៈពេល៥ឆ្នាំមកហើយប្រទេសកូរ៉េមានសេចក្តីត្រេកអរយ៉ាងខ្លាំងជាមួយនឹងស្នាដៃល្អលោកគ្រូបង្វឹកសម្រេចបានក្នុងរយៈពេលកន្លងមក ។

លោកបញ្ជាក់ដែរថា កម្ពុជាទទួលបានមេដាយមាសចំនួន២ និងប្រាក់ចំនួន៣នៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ី ។ លោកក៏សង្ឃឹមថា ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជានឹងសម្រេចបានជោគជ័យថ្មីៗទៀតនៅក្នុងកម្មវិធីប្រកួតកីឡាអាស៊ានហ្គេម ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗនេះនៅទីក្រុងហ្សាកាតាចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកសង្ឃឹមថា តាមរយៈការបន្តធ្វើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យកីឡា នឹងជួយជម្រុញអោយប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធរវាងគ្នាថែមលើសមួយកម្រិតទៀត៕ វឌ្ឍនា


ចែករំលែក៖