ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកទ្រូងផ្លូវនៅងមុខពេទ្យលោកសង្ឃទុករថយន្តចោល គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំង ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ ខាងមុខមន្ទីរពេទ្យពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក តូយូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5749 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុក និងរបាំងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំង ។ ចំណែកឯរថយន្តរងការខូចខាតធ្លាក់កាងខាងមុខ និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សានៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖