ខេត្តកំពត៖ លោកម៉ាត់ សេត បេក្ខជនតំណាងរាស្ដ្រខេត្ដកំពត តំណាងលោក អូស្មាន ហាស្សាន់ បាននាំយកអំណោយជាធុងចម្រោះទឹកស្អាតចំនួន១៥០ធុង និងអំណោយជាថវិកាមួយចំនួនមកចែកជូន បងប្អូនប្រជាពលរដ្ឋ១៥០គ្រួសារ ស្ថិតនៅសហគមន៍ កំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត អំណោយសប្បុរសធម៏នេះបានមកពី សប្បុរសជននៃប្រទេសសឹង្ហបូរី តាមរយៈក្រុមហ៊ុន វ៉ាលាន ឌីវេឡុបម៉ិន និងមានការសហការរៀបចំដោយយុវជនមុស្លីមខេត្តកំពត ត្រូវបានចែកជូនដល់ដៃបងប្អូនបានប្រើប្រាស់ កាលពីថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ។
លោកម៉ាត់ សេត បេក្ខជនតំណាងរាស្ដ្រខេត្ដកំពត តំណាងលោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាមួយគ្នានេះគណៈ អធិបតីក៏បានថ្លែងអំណរ គុណចំពោះសប្បុរសជន នៃប្រទេសសឹង្ហបូរី ដែលតែងតែចូលរួមជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈសកម្មភាពផ្សេងៗ ហើយនេះជាលើកទី៥ នៃការចែកធុង ចម្រោះ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពត ដែល បានចែកជូនចំនួនប្រមាណ ៧៥០ធុង ។
លោកម៉ាត់ សេត បានបញ្ជាក់ថា៖ ក៏បានអំពាវនាវ និងជំរុញ ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវទៅបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី បន្តការអភិវឌ្ឍន៍ និងរក្សាសុខសន្តិភាពជូនសង្គមជាតិទាំងមូល ។
លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។
គណបក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ផ្សារ សាលា រៀន មន្ទីរពេទ្យវត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត