ភ្នំពេញ៖ នៅថ្ងៃឃោសនាបោះឆ្នោតដំបូង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ គណបក្សប្រជាជនកម្ពុជា (CPP) មានការហែក្បួនទ្រង់ទ្រាយធំ ដោយភ្ជាប់គ្នាជាមួយពិធីខួបរម្លឹក៦៧ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ ។
គណបក្សប្រជាជនកម្ពុជាធ្វើពិធីបូកបញ្ចូលគ្នារវាងការឃោសនាបោះឆ្នោតឆ្នាំ២០១៨ នឹងរម្លឹកខួបនៃការបង្កើតគណបក្សនេះ ស្ថិតនៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង១០ម៉ឺននាក់ ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមថ្លែងសុន្ទរកថាបើកយុទ្ធនាការឃោសនាបោះឆ្នោតផ្ទាល់ ហើយក្រោយពីបញ្ចប់សុន្ទរកថា ក្បួនដង្ហែ ច្បាប់ផ្តើមទៅកាន់ខណ្ឌរៀងៗខ្លួន ក្នុងរាជធានីភ្នំពេញ ចំណែក នៅតាមបណ្ដាខេត្តទាំង២៤ ក៏ដង្ហែក្បួនឃោសនាព្រមគ្នាផងដែរ ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ធ្វើឡើងចាប់ពីថ្ងៃនេះ ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃគត់។
ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស២០ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ត្រូវប្រជាពលរដ្ឋលើកឡើងថា នឹងឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ៕ ថាច់ យ៉ាត