ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើទឹកដីអតីតជំរំទ័ពខ្មែរក្រហម ដោយរំលឹកពីគុណសម្បត្តិនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូងនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅលើទឹកដីស្រុកអន្លង់វែង ទីកន្លែងដែលធ្វើសមាហរណកម្មនាំកងទ័ពខ្មែរក្រហមចូលរួមរស់ជាមួយរាជរដ្ឋាភិបាលចុងក្រោយគេក្នុងឆ្នាំ១៩៩៨។

ក្នុងថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅលើទឹកដីអតីតជំរំលាក់ខ្លួនរបស់ខ្មែរក្រហមដែលមានអ្នកចូលរួមប្រមាណជា ៥ពាន់នាក់នេះ លោក គន់ គីម បានរំលឹកពីសាវតា និងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាចំពោះជាតិ និងប្រជាជន។ លោក គន់ គីម បានរំលឹកថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើងដើម្បីតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយមកបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ហើយនាំមកវិញនូវពន្លឺសន្តិភាពសាជាថ្មី សម្រាប់ប្រទេសកម្ពុជា។

លោក គន់ គីម ក៏បានលើកយកស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្ររយៈពេល៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបានពុះពារហែលឆ្លងគ្រប់ឧបសគ្គ ដើម្បីដឹកនាំ ស្តារ និងកសាងប្រទេសចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានវឌ្ឍនភាពគ្រប់វិស័យ និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នគណបក្ស បានកំពុងបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅលើមាគ៌ាមួយដ៏ល្អត្រចះត្រចង់។

លោក គន់ គីម បានបន្តថា «គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ ហើយជាឬសគល់ និងជាកំពែងដ៏រឹងមាំ សម្រាប់ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ហើយគណបក្ស ប្តេជ្ញាការពារមិនឲ្យរបបរាជានិយម ត្រូវបានផ្តួលរំលំដូចឆ្នាំ ១៩៧០ទៀតឡើយ»។

ដោយសារតែដឹកដីស្រុកអន្លង់វែងជាទឹកដីធ្លាប់មានប្រវត្តិសង្គ្រាមហែកហួររវាងខ្មែរ និងខ្មែរ ហើយត្រូវបានបិទបញ្ចប់ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នោះ លោក គន់ គីម ក៏បានរំលឹកពីគុណសម្បត្តិនៃនយោបាយឈ្នះឈ្នះនេះចែកជូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សផងដែរ។

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យជាតិកម្ពុជាបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ធ្វើឲ្យជាតិមួយមានព្រះមហាក្សត្រតែមួយ មានរាជរដ្ឋាភិបាលតែមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអស់រយៈពេលប្រមាណ៥០០ឆ្នាំមកហើយ។

លោក គន់ គីម បន្តថា នយោបាយឈ្នះឈ្នះដែលមានអាយុកាល២០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០១៨នេះ គឺជាការនាំមកនូវសករាជថ្មីនៃសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជា។ «ការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាការបើកនូវទំព័រសករាជថ្មីនៃសុខសន្តិភាព និងការអភិវឌ្ឍជាតិផងដែរ។ ប្រសិនបើយើងមិនអាចបញ្ចប់ភ្លើងសង្គ្រាមទេ យើងមិនអាចទាក់ទាញអ្នកវិនិយោគ មិនអាចទាក់ទាញអ្នកទេសចរ មិនអាចអភិវឌ្ឍន៍ជាតិយើងឲ្យលឿនលយនោះឡើយ»។

ក្រៅតែពីលើកនូវគុណបំណាចគណបក្សប្រជាជនកម្ពុជា និងគុណសម្បត្តិនៃនយោបាយឈ្នះឈ្នះ លោក គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តថែរក្សាសុខសន្តិភាពមួយនេះ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០។

លោក គន់ គីម បន្តថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺធានាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាតិទៅមុខបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតត្រូវបានធ្វើឡើងព្រមៗគ្នានៅតាមបណ្តាស្រុកទាំង៥ ក៏ដូចជាក្នុងក្រុងសំរោងផងដែរ៕


ចែករំលែក៖