ខេត្តព្រះវិហារ៖ គ្រោះថ្នាក់ចររាចរមួយកើតឡើងដោយសាររថយន្ដLexus RX 330 បើកក្រឡាប់ខ្លួនឯងដោយសារបែកកង់បណ្តាលឲ្យមានអ្នកស្លាប់, រងរបួសធ្ងន់ និងស្រាលជិត១០នាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃអាទិត្យ ១១រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅទីតាំង ចេញពីខេត្តព្រះវិហារ ទៅស្រអែម ប្រហែល២០គីឡូម៉ែត្រ ។
សមត្ថកិច្ចប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តមួយគ្រឿង បានបើកយ៉ាងលឿន បណ្ដាលឲ្យក្រទ្បាប់ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ ស្ថិតនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ផ្លូវជាតិលេខ ៦២ ក្នុងទិសដៅពីជើង ទៅត្បូង ។
សមត្ថកិច្ចបន្តថា រថយន្តខាងលើម៉ាកលុចស៊ីស ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S-3198 បើកដោយឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់។
ចំណែកអ្នករួមដំណើរ រួមមាន៖ ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ ២១ ឆ្នាំ ស្លាប់នៅនឹងកន្លែង, ឈ្មោះ ប្រាក់ ណាវី ភេទស្រី រងរបួសស្រាល, ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រងរបួសធ្ងន់បែកក្បាល,ឈ្មោះ ទ្បៅ សារ៉េត ភេទស្រី អាយុ ៥៤ ឆ្នាំ របួសធ្ងន់បាក់ដងកាំបិត, ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ របួសស្រាល, ឈ្មោះ ឆូយ ចន្ធី ភេទស្រី អាយុ២៥ ឆ្នាំ រងរបួសស្រាល, ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសស្រាល និងទី៨ឈ្មោះ ហួយ សេង ភេទស្រី អាយុ ១០ ឆ្នាំ របួសស្រាល។
អ្នកទាំងអស់គ្នា ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តកែវ ៕ ថាច់ យ៉ាត