ព័ត៌មានទាន់ហេតុការណ៍៖

ម៉ៃយ៉ា មិនច្បាស់រឿងបញ្ចប់អាជីពសិល្បៈចេញទៅរស់នៅអាល្លឺម៉ង់

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាតារាសម្ដែង និងជាពិធីការិនីកូនកាត់ខ្មែរ-អាល្លឺម៉ង់ម៉ៃយ៉ាបង្ហោះថាកញ្ញាតៀមនឹងបញ្ចប់អាជីពសិល្បៈរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខដើម្បីទៅរស់នៅជាមួយឪពុកម្ដាយរបស់ខ្លួននៅឯប្រទេសអាល្លឺម៉ង់ ។ ទោះជាយ៉ាងណាដំណឹងនេះត្រឹមតែជារឿងស្រពិចស្រពិលប៉ុណ្ណោះ ខណៈ ដែលនាងនៅមិនទាន់ច្បាស់អំពីពេលវេលាពិតប្រាកដនៃការចាកចេញឬយ៉ាងណានោះទេ ។

ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដែលតារាសម្តែងស្រីស្រស់សោភា ម៉ៃ យ៉ាប្រឡូកក្នុងអាជីពសិល្បៈ ហើយទទួលបានជោគជ័យមិននឹកស្មានដល់ព្រោះតែរូបសម្រស់ និងសមត្ថភាពនៃការសម្តែង និងនិយាយបានល្អ ។ កន្លងទៅនៅលើគណីយហ្វេសប៊ុករបស់នាងបានបង្ហោះអំពីការប្រកាសឈប់ពីសិល្បៈឆាប់ៗរហូតធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ។ តារាសម្ដែងកូនកាត់វ័យក្មេងរូបនេះបានបង្ហាញភាពសោកស្ដាយផងដែរសម្រាប់ការប្រឡូកចូលសិល្បៈរយៈពេលខ្លីដោយលើកឡើងថានាងពិតជាស្រលាញ់ និងចូលចិត្តការសម្ដែងសិល្បៈខ្លាំងក៏ប៉ុន្តែគ្រួសារបង្ខំទើបកញ្ញាសម្រេចចិត្តជ្រើសរើសទៅតាមគ្រួសារនៅបរទេស ។ ទោះជាយ៉ាងណានាងនៅមិនទាន់ច្បាស់ពីពេលវេលានៃការឈប់ពីអាជីពសិល្បៈនេះនៅឡើយទេ ក៏ប៉ុន្តែម៉ៃយ៉ាប្រាប់ថាអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ។

អ្វី ដែលធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រនាងមានការសោកស្តាយព្រោះតែម៉ៃយ៉ាបានសាងប្រជាប្រិយភាពយ៉ាងឆាប់រហ័សតាមរយៈសមត្ថភាព និងរូបសម្ផស្សរបស់ខ្លួន ។ ក្នុងនោះអ្វី ដែលធ្វើឱ្យទស្សនិកជន និងផលិតករចាប់អារម្មណ៍ខ្លាំងគឺការប្រកាសមិនសម្ដែងភាពសិចស៊ីទោះជាផលិតករណាផ្ដល់ប្រាក់ច្រើនក៏ដោយ ។

ទីផ្សារសិល្បៈរបស់តារាកូនកាត់ស្រស់ស្អាតរូបនេះកាន់តែមានភាពល្បីល្បាញខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំមិនចាញ់តារាមួយចំនួនប៉ុណ្ណោះទេ ។ ជាក់ស្ដែងឆ្នាំ២០១៧កន្លងទៅកញ្ញាទទួលថតខ្សែភាពយន្តភាគបាន៧រឿង និងរឿងដុំជាច្រើនទៀត ។ ក្នុងឆ្នាំ២០១៨ទាំងរឿងភាគ និងរឿងដុំគឺកញ្ញាទទួលបានកុងត្រាជាច្រើនពីផលិតកម្មក្នុងស្រុករហូតដល់គ្មានពេលថែមទៀតផង ។ នាងក៏ក្តោមបានឱកាសថតឈុតផ្សព្វផ្សាយពាណិជកម្មផលិតផល ពិសេសសម្អាងការល្បីៗជាច្រើននៅភ្នំពេញផងដែរ៕ វឌ្ឍនា


ចែករំលែក៖