ព័ត៌មានទាន់ហេតុការណ៍៖

បន្តសកម្មភាពជួយសង្គ្រោះកុមារ៨នាក់ចេញពីរូងភ្នំ ក្រោយសង្គ្រោះដំណាក់កាលទីមួយបានជោគជ័យ

ចែករំលែក៖

នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៩ ខេកក្កដា យុទ្ធនាការជួយសង្គ្រោះកុមារទាំង៨នាក់ និងគ្រូបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នំត្រូវបានបន្ត ។ កាលពីយប់ថ្ងៃទី ៨ ខែកក្កដា សមាជិក ៤នាក់ក្នុងចំណោម ក្រុមកីឡាទាំង១៣នាក់ ត្រូវបានបញ្ជូនចេញមកក្រៅដោយសុវត្ថិភាព ។

នៅក្នុងសន្និសីទកាសែតនៅវេលាម៉ោង ២១ ថ្ងៃទី៨ ខែកក្កដា លោក Narongsak Osottanakorn មេបញ្ជាការ សង្គ្រោះ កុមារជាប់ក្នុងរូងភ្នំបានបញ្ជាក់ថា បច្ចុប្បន្នយើងទើបតែជួយកុមារបាន៤នាក់ប៉ុណ្ណោះចេញពីរូងភ្នំ ថាំលួង ហើយប្អូនៗទទួលបានការមើលថែជាពិសេសនៅក្នុងមន្ទីរពេទ្យ Prachanukroh ។ លោកបន្តទៀតថា លោកបានជួបផ្ទាល់ជាមួយកីឡាករដែលទើបតែយកចេញពីរូងភ្នំ ហើយសុខភាពរបស់ពួកគេល្អប្រសើរ ។

លោក Narongsak បានបញ្ជាក់ទៀតថា ក្រុមជួយសង្គ្រោះត្រូវរៀបចំ ជាបន្ត ដោយប្រើប្រាស់រយៈពេល ១០ម៉ោង ដើម្បីបញ្ជូនសម្ភារៈអ៊ុកស៊ីហ្ស៊ីន ចូលទៅខាងក្នុងដើម្បីត្រៀម បញ្ជូនកុមារចេញមកក្រៅ ។ លោកក៏បានអរគុណដល់ មិតភក្តិនៅលើពិភពលោក ដែលបានកៀកស្មាថៃក្នុងសកម្មភាពជួយសង្គ្រោះនេះ ។

លោកបន្តទៀតថា ការជួយសង្គ្រោះកុមារ ទទួលបានជោគជ័យលើសពីការស្មាន ប៉ុន្តែភារកិច្ចនៅមិនទាន់ដល់ទីបញ្ចប់ រហូតដល់កីឡាករចុងក្រោយបានបញ្ជូនចេញពីរូងភ្នំ ។ នៅក្នុងសកម្មភាព សង្គ្រោះកាលពីថ្ងៃទី៨ ខែកក្កដាមាន កីឡាករ ៣រូបបានចេញពីរូងភ្នំ បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសុវត្ថិភាព ។

មានព័ត៌មានផ្សាយថា គ្រូបង្វឹក ក្រុមកីឡាករជាប់នៅខាងក្នុង លោក Ekkapol Chantowong អាយុ២៥ឆ្នាំ គឺជា អ្នកដែលចេញមកក្រោយគេ ។ ប៉ុន្តែសារព័ត៌មានបាងកក់ប៉ុស្តិ៍បានផ្សាយថា គ្រូបង្វឹកគឺជា មនុស្សម្នាក់ក្នុងចំណោម៤នាក់ ដែលបានបញ្ជូនចេញក្រៅ លើកដំបូង ដោយសារតែ មានសុខភាព ទន់ខ្យោយជាងគេបំផុត ក្រោយទុកអាហារទាំងអស់ឲ្យកុមារ ក្នុងក្រុម ពេលជាប់នៅខាងក្នុង៩ថ្ងៃ មុនពេលរកឃើញ ។

នៅមុនពេល បញ្ជូនកុមារចេញ គ្រូពេទ្យ អូស្ត្រាលី លោក Richard Harris ដែលបានត្រួតពិនិត្យសុខភាពដល់កុមារនៅក្នុងរូងភ្នំបានឲ្យដឹងថា កុមារដែលមានសុខភាពខ្យោយបំផុតនឹងបញ្ជូនចេញមុនគេ ។ សកម្មភាពនេះ គឺផ្ទុយពីពេលមុនដែលថា កុមារដែលមានសុខភាពល្អចេញមុន អ្នកដែលខ្សោយចេញមកក្រោយ ដោយបំប៉នសុខភាពឲ្យប្រសើរសិន ។

កីឡាករ៣រូបដែលបានបញ្ជូនចេញ មានឈ្មោះ Pipat Bodhi, Prajak Sutham និង Nattawut Takamsai ។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា រដ្ឋាភិបាលអាមេរិក សហការជាមួយ រដ្ឋាភិបាលថៃ ដើម្បីជួយដល់កុមារទាំងអស់ចេញពីរូងភ្នំដោយសុវត្ថិភាព ។ លោកត្រាំក៏បានសរសើរដល់ ទាហានដែលមានភាពក្លាហាននិងសមត្ថភាព ក្នុងការជួយសង្គ្រោះកុមារចេញពីរូងភ្នំ ៕ ម៉ែវ សាធី

 


ចែករំលែក៖