យ៉ាងហោចណាស់មានមនុស្ស ១០នាក់ស្លាប់ និងជាង៧០នាក់រងរបួស នៅពេលដែល រថភ្លើង ដឹកអ្នកដំណើរបានធ្លាក់កងចេញពីផ្លូវដែកនៅទួរគី កាលពីថ្ងៃទី៨ ខែកក្កដា។
សារព័ត៌មានAFP បានផ្សាយថា ទូរថភ្លើងចំនួន៦ទូ ដឹកអ្នកដំណើរ ៣៦០នាក់ បានធ្លាក់កងចេញពីផ្លូវនៅភូមិ Sarilar ស្រុកCorlu ក្នុងតំបន់ Tekirdag ។ រថភ្លើងជួបគ្រោះថ្នាក់បានធ្វើដំណើរ ពីតំបន់ Edirne ជាប់ព្រំដែនប្រទេសក្រិច និង ប៊ុលហ្គារី ឆ្ពោះទៅកាន់ស្ថានីយ Halkali នៅទីក្រុង អិស្តានប៊ុល ។
សារព័ត៌មាន Anadolu បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខភីបាលលោក EyupGumus បានបញ្ជាក់ថា រថយន្តជួយសង្គ្រោះជាង ១០០គ្រឿងបានទៅកាន់កន្លែងកើតហេតុ ។ ព័ត៌មានជាបឋម គឺមានអ្នកស្លាប់១០នាក់ និង ៧៣នាក់រងរបួសធ្ងន់ ។
កម្លាំងទាហានទួរគី ក៏បានបញ្ជូនឧទ្ទម្ភាគចក្រ ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យឲយបានទាន់ពេលវេលា។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះថ្នាក់កើតឡើង ដោយសារតែអាកាសធាតុអាក្រក់ ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យដីនៅនៅក្រោមផ្លូវរថភ្លើងទន់ ។
ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានចូលរួមរំលែកទុក្ខដល់គ្រួរសារជនរងគ្រោះ ។ លោកបានស្នើដល់មន្ត្រីទទួលខុសត្រូវប្រើគ្រប់វិធីសាស្ត្រដើម្បីជួយដល់អ្នករងរបួស ។ លោកប្រកាសថា នឹងជម្រុញឲ្យមានការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីហេតុការណ៍គ្រោះថ្នាក់ខាងលើ ៕ ម៉ែវ សាធី