ខេត្តព្រះសីហនុ៖ ជនរងគ្រោះស្ត្រីវយ័ក្មេង២រូបភាគីខាងម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនៅកែងផ្លូវជិតមីហិរក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ កាលពីម៉ោងជិត៨យប់ ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នោះ បានទទួលមរណភាពទាំង២នាក់ហើយក្នុងពេលដែលក្រុមគ្រួសារព្យាយាមជួយសង្គ្រោះបញ្ជូនចេញពីក្រុងព្រះសីហនុយកទៅព្យាបាលបន្ត ប៉ុន្តែអាការៈរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានឡើយ ។
ជនរងគ្រោះទី១ឈ្មោះ ស៊ន គន្ធី អាយុ២៣ឆ្នាំ ហើយជនរងគ្រោះទី២ឈ្មោះ កែវ ណាលីន អាយុ២៣ឆ្នាំ អ្នកទាំង២ មានស្រុកកំណើតក្នុងខេត្តកំពត និងជាមន្ត្រីធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្ត ០១គ្រឿងម៉ាក COROLLA ពណ៌ ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2V-1280 បើកបរដោយឈ្មោះ កែវ វាសនា ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី មហោស្រពចាស់ ឆ្ពោះទៅ ផ្លូវកោះទន្សាយ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1F-2051 បើកបរដោយឈ្មោះ កៅ ណាលីន ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ មន្ត្រីមន្ទីរផែនការ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះស៊ន គន្ធីភេទ ស្រី អាយុ ២៣ឆ្នាំ មានទីលំនៅដូចគ្នាដែលបើកបរមានទិសដៅស្របគ្នា ។
ភ្លាមៗភាគីខាងម៉ូតូរបួសធ្ងន់ធ្ងរ និងក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តនគរបាលបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ដោយនាំយកវត្ថុតាងរថយន្ត និង ម៉ូតូ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ ៕ ឆ្លាម សមុទ្រ