ការធ្លាក់ភ្លៀងខ្លាំងបានវាយប្រហារលើប្រទេសជប៉ុនខាងលិច និងខាងត្បូង ជាហេតុនាំអោយមានការព្រមានអំពីគ្រោះមហន្តរាយនៅលើកោះគ្យូស៊ូ និងស៊ីកូគុនៅក្នុងថ្ងៃអាទិត្យនេះ ខណៈចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិនេះបានឡើងដល់៨១នាក់ និងបាត់ខ្លួនជាច្រើននាក់ ស្របពេលមនុស្សរាប់លាននាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែង ។
ការធ្លាក់ភ្លៀងខ្លាំងក្នុងកំរិតលើសធម្មតា៣ដង បានបង្កការបាក់ដី និងធ្វើអោយទន្លេមានទឹកពេញប្រៀប ដែលនាំអោយមនុស្សជាច្រើននាក់ជាប់គាំងនៅក្នុងលំនៅដ្ឋាន ឬលើដំបូលផ្ទះ ។
មន្រ្តីម្នាក់នៅទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា យើងមិនដែលជួបការធ្លាក់ភ្លៀងអាក្រក់បែបនេះទេពីមុន ហើយថា ស្ថានភាពនេះគ្រោះថ្នាក់ណាស់ ។ រដ្ឋាភិបាលជប៉ុនបានបង្កើតមណ្ឌលគ្រាអាសន្នមួយនៅការិយាល័យនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង និងអ្នកជួយ សង្រ្គោះប្រមាណ៥៤.០០០នាក់មកពីយោធាប៉ូលិស និងអគ្គិភ័យត្រូវបានបញ្ជូនទៅកាន់តំបន់ខាងត្បូង និងខាងលិចប្រទេស ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថា នៅមានមនុស្សជាច្រើនទៀតបាត់ខ្លួន និងអ្នកផ្សេងទៀតត្រូវការជំនួយ ហើយថា យើងកំពុងធ្វើការប្រជែងនឹងពេលវេលា ។
សូមជម្រាបថា បទបញ្ជាជម្លៀសមនុស្សនៅជាធរមានសំរាប់មនុស្សប្រមាណ២លាននាក់ និង២,៣លាននាក់ទៀតត្រូវបានណែនាំអោយជម្លៀស តែភ្លៀងបានឈប់ និងទឹកស្រកនៅតំបន់ខ្លះ ៕