ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសង្សារចាស់ទូរសព្ទមក ស្ទុះទៅវាយមួយដប ហូរឈាមកក្លាក់

ចែករំលែក៖

ភ្នំពេញៈ គូសង្សារមួយគូស្គាល់គ្នារយៈ ពេល៣ឆ្នាំ និងបានរស់នៅជាមួយគ្នាបានមួយឆ្នាំ ដោយសារខាងប្រុស ខឹងខាងស្រីនិយាយទូរស័ព្ទជាមួយមិត្តប្រុសនៅក្រៅប្រទេស កើតជាភ្លើងប្រចណ្ឌ​ ក៏ស្ទុះទៅយកដបទឹកប្រេងខ្យងវាយទៅលើខាងស្រី បណ្តាលឲ្យរងរបួសដៃឆ្វេង។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

នារីរងគ្រោះឈ្មោះ ហ៊ុ ដានី អាយុ២៧ឆ្នាំ មានមុខរបរលក់ដីឡូ រងរបួសដៃឆ្វេង។ ចំណែកបុរសបង្ក ឈ្មោះ ឌុច ចត្រា អាយុ៣១ឆ្នាំ មានមុខរបរនៅផ្ទះ អ្នកទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពពីនារីរងគ្រោះ បានឲ្យដឹងទៀតថា​ នៅយប់កើតហេតុ មិត្តប្រុសរបស់នាង បានខលទូរស័ព្ទពីប្រទេសអូត្រាលី មកនិយាយលេងជាមួយរូបនាង ខណៈដែលរូបនាង កំពុងនិយាយទូរស័ព្ទជាមិត្តប្រុស ស្រាប់តែសង្សាររបស់នាង ដែលកំពុងអង្គុយនៅជាមួយគ្នា នៅក្នុងបន្ទប់ផ្ទះជួល បានភ្លើងប្រចណ្ឌរូបនាង ជាមួយមិត្តប្រុស ក៏បានស្ទុះទៅវាយនាង បណ្តាលឲ្យរហែកអាវ រួចបានរត់ទៅយកដបទឹកប្រេងខ្យង គុបចំដៃឆ្វេងរបស់នាង បណ្ដាលឲ្យរងរបួសហូរឈាមស្រោចដៃ ភ្លាមៗនោះបុរសបង្កជាសង្សារ ក៏បានរត់គេចខ្លួនបាត់។

​ក្រោយកើតហេតុ នាងបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចទាំងយប់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕


ចែករំលែក៖